ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ង់ត៍បុក ម៉ូតូជិះគ្នា២នាក់ នៅតាមផ្លូវឃ្លាំងលើ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រឡុកសុីម៉ង់ត៍ ជាមួយម៉ូតូជិះគ្នា២នាក់ នៅតាមផ្លូវឃ្លាំងលើ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ ម៉ាក HOWO ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ5A-0656 អ្នកបើកបរឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ 32ឆ្នាំ មុខរបរ ជាអ្នកបើកបររថយន្ត មានទីលំនៅ ភូមិព្រៃនប់2 ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពី ត្បូង ឆ្ពោះទៅ ជើង ចំណែករថយន្តជា កម្មសិទ្ធិរបស់ក្រុមហ៊ុន ឆាវជុនឡុង មានទីតាំងនៅ ភូមិ1 សង្កាត់លេខ1 ក្រុង/ខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ រថយន្តឆ្លងផ្លូវផ្លាស់ប្ដូរទិសបត់ឆ្វេង ក៏បុកប៉ះម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាក លេខ កំពត1K-2831 អ្នកបើកបរឈ្មោះ ឡាញ់ រតនៈ ភេទប្រុស អាយុ 23ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ឃុំតាតេន ស្រុកឈូក ខេត្តកំពត មានរួមដំណើរម្នាក់ឈ្មោះ នាង ភេទប្រុស អាយុ 22ឆ្នាំ មុខរបរ បកប្រែចិន មានទីលំនៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពី កើត ឆ្ពោះទៅ លិច បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ។

ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួន ។

ចំណែករថយន្ត និងម៉ូតូត្រូវបាន សមត្ថយកទៅរក្សាទុកនៅ ការិយាល័យចរាចរណផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖