ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញជីករណ្ដៅដីជ្រៅៗ ច្រើនកន្លែងនៅស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំវិហារសួគ៌ និងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឲ្យដឹងថា រណ្ដៅដី៣កន្លែងក្នុងមូលដ្ឋានពួកគាត់កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែខ្លាំងឡើងៗ។ ប្រជាពលរដ្ឋបានឲ្យដឹងថា នៅរដូវប្រាំងដែលមានអាកាសធាតុរាំងស្ងួតរថយន្តដឹកដីធំៗរបស់ក្រុមឈ្មួញម្ចាស់រណ្ដៅដីបានធ្វើឲ្យធូលីដីហុយសំពោងលើលំនៅដ្ឋានរបស់ពួកគាត់ ហើយរថយន្តទាំងនោះបើកបរលឿនៗអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេល។ ចំណែកមេឃុំសន្លុង មេឃុំវិហារសួគ៌ និងអភិបាលស្រុកខ្សាច់កណ្ដាល បានរក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការដោះស្រាយករណីឈ្មួញម្ចាស់អាជីវកម្មរណ្ដៅដីធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា រណ្ដៅដីរបស់ថៅកែឈ្មោះ ហុង ហួ ដែលជាអ្នកមានជីវភាពធូរធារក្នុងភូមិសន្លឹម ហើយរណ្ដៅដីទី២ មានម្ចាស់ឈ្មោះ ឃាង គៀង នៅភូមិសន្លុង ឃុំសន្លុង និងម្ចាស់រណ្ដៅដីទី៣ ឈ្មោះ រឿន វណ្ណៈ។ ឈ្មួញម្ចាស់រណ្ដៅដីទាំង៣នាក់នេះបានជីករណ្ដៅដីដែលមានទំហំធំៗជ្រៅៗ ហើយប្រើប្រាស់រថយន្តជាច្រើនគ្រឿងដឹកជញ្ជូនអាចម៍ដីយ៉ាងពេញបន្ទុកធ្វើឲ្យខូចផ្លូវក្នុងឃុំវិហារសួគ៌ និងឃុំសន្លុង ជាបន្តបន្ទាប់។ ប្រជាពលរដ្ឋសម្ដែងសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងសត្វដោយសាររណ្ដៅដីមានទំហំធំៗជ្រៅៗ ហើយនៅខាងក្រោយភូមិដែលមានប្រជាពលរដ្ឋរស់នៅច្រើនទៀតផង។

តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំសន្លុង និងឃុំវិហារសួគ៌ បានឲ្យដឹងថា រណ្ដៅដីរបស់ឈ្មួញទាំង៣នាក់ដូចមានឈ្មោះខាងលើនោះ មានជម្រៅចាប់ពី១០ម៉ែត្រទៅ២០ម៉ែត្រ ដែលងាយបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងសត្វគ្រប់ពេលវេលា។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក និងមន្ត្រីការិយាល័យរ៉ែនិងថាមពលស្រុកខ្សាច់កណ្ដាល ទេនោះគឺឈ្មួញមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។ តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល មួយចំនួនបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល ទេនោះគឺឈ្មួញមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានទេ៕


ចែករំលែក៖