ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យ២៨ឆ្នាំម្នាក់ ត្រូវឆ្កែខាំ ៩ថ្ងៃក្រោយស្លាប់ចោលប្តី គួរឲ្យសោកស្តាយបំផុតនៅខេត្តកំពង់ចាម?

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានមិនច្បាស់ការណ៍យោងតាមបុរសម្នាក់អះអាងថា ជាបងប្រុសនារីរងគ្រោះបាន បង្ហោះសារសម្តែងការសោកស្តាយ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នះថា «បន្ទាប់ពីត្រូវឆ្កែខាំ គាត់បានដេញឱ្យប្អូនស្រី (នារីរងគ្រោះ) ទៅចាក់ថ្នាំបង្ការរោគឆ្កែឆ្កួតដែរ តែនាងមិនទៅ ដោយយល់ថា គ្រាន់តែដាច់រលាត់មិនអី ។ បងស្រីនារីរងគ្រោះខាងលើបានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះថា «ប្អូនស្រីរបស់ខ្ញុំស្លាប់ដោយសារឆ្កែខាំ តែរយៈពេល៩ថ្ងៃទេ ហេតុអីបានមិនចេះប្រយ័ត្នហើយ ថែខ្លួនអ៊ីចឹង ដេញឱ្យទៅចាក់ថ្នាំ ថាមិនអីទេ…»។

ប្រភពបន្តថា មានបងស្រីម្នាក់ទៀតបានអះអាងថា ជាបងជីដូនមួយរបស់នារីរងគ្រោះ បានបង្ហោះរូបភាព និង សម្តែងការស្តាយស្រដៀងនឹងបងប្រុសខាងលើដោយបញ្ជាក់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ថា «បងប្អូន ខ្ញុំទៅចោលខ្ញុំហើយ គ្មានថ្ងៃត្រឡប់ទេ បងប្អូនសូមមេត្តាប្រយ័ត្ន បើមានឆ្កែខាំ ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ វាអាចគ្រោះថ្នាក់ដល់អាយុជីវិត គាត់ត្រូវឆ្កែក្រញៅរយៈពេល៩ថ្ងៃទេ…»។ សារនៅលើទំព័រ ហ្វេសប៊ុកបាន រំលេចទៀតថា «យើងមានតែម្តាយមួយកូនមួយដូចគ្នា ហេតុអីក៏ឯងដាច់ចិត្តទៅចោលគាត់ចឹងហា តើអ៊ុំគាត់ គិតម៉េច? ហេតុអីបានជាឯងទៅចោលយើង យើងមិនចង់ជឿទេ បងប្អូនជីដូមួយខ្ញុំទៅចោលខ្ញុំហើយ ទៅរហូត…» ។

សាររបស់បងស្រីខាងលើបានបញ្ជាក់ទៀតថា នារីរងគ្រោះដែលត្រូវជាបងប្អូនជីដូនមួយរបស់គាត់ ត្រូវបានសត្វ ឆ្កែចិញ្ចឹមរបស់នាងខាំដាច់រលាត់ត្រង់ដៃ បណ្តាលឱ្យមានស្លាកស្នាមរបួស កាលពី៩ថ្ងៃមុននៃការ ស្លាប់ ខណៈ ក្រុមគ្រួសារបានដេញឱ្យនាងទៅចាក់ថ្នាំបង្ការដែរ តែនាងមិនព្រមទៅ ដោយចេះតែនិយាយថា មិនអីទេៗ ។ ស្រាប់តែមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នាងក៏បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ធ្វើឱ្យក្រុមគ្រួសារ យំសោកបោកខ្លួនយ៉ាងខ្លាំងស្ទើរតែមិនអាចទទួលយកបាន ។

នារីរងគ្រោះដែលត្រូវសត្វឆ្កែខាំ រហូតបណ្តាលឱ្យស្លាប់នោះ ត្រូវបានប្រភពព័ត៌មានអះអាងថា មានឈ្មោះ សែម សុផាត អាយុ២៨ឆ្នាំ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។

មកដល់ថ្ងៃពុធទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅមិនទាន់មានមន្ត្រីជំនាញអះអាងនិងបញ្ជាក់ថា នារីរងគ្រោះពិត ជាស្លាប់ដោយសារឆ្កែខាំនៅឡើយទេ ខណៈរឿងខាងលើនេះគ្រាន់តែជាការអះអាងពីប្រភពមិនច្បាស់ការតែ ប៉ុណ្ណោះ ។

បើករណីខាងលើនេះមានកើតពិតមែន អាចជាបទពិសោធន៍ និងមេរៀន សម្រាប់ប្រជាពលរដ្ឋទូទៅ ដែលត្រូវ សត្វឆ្កែ-ឆ្មា ឬសត្វស៊ីសាច់ផ្សេងៗខាំ ត្រូវប្រញាប់បញ្ជូនទៅព្យាបាល ឬចាក់ថ្នាំបង្ការ ឱ្យបានត្រឹមត្រូវ និងទាន់ ពេលវេលា ដើម្បីចៀសផុតពីការស្តាយក្រោយករណីទាំង២ខាងលើជាឧទាហរណ៍ជាក់ស្តែងស្រាប់ ៕ វណ្ណៈ


ចែករំលែក៖