ខេត្តសៀមរាប៖ ឈ្មួញឈើដុះស្លែរឈ្មោះ ឆាយ អស់ល័ក្ខ ត្រូវកម្លាំងកងរាជអាវុធ ហត្ថខេត្ត សហការជាមួយសង្កាត់ រដ្ឋបាលព្រៃឈើស្រែណូយ និងផ្នែករដ្ឋបាលព្រៃបន្ទាយស្រី ស្ទាក់ចាប់បានរថយន្ត ដឹកឈើមួយគ្រឿង ខណៈកំពុងសណ្តោងគ្នា ។
ហេតុការណ៍នេះធ្វើឡើង កាលពីវេលាម៉ោង៨ និង៥៥ នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ ស្ថិតក្នុង ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
តាមប្រភពព័ត៌មានពី លោក សុខ បូរិទ្ធ មន្ត្រីផ្នែករដ្ឋបាល ព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ពីបណ្តាញរាយការណ៍ពីខេត្ត ឧត្តរមានជ័យមកថា មានរថយន្តដឹកឈើមួយ គ្រឿង ដែលគេស្គាល់ឈ្មោះ លោក ឆាយ ជាឈ្មួញឈើដុះស្លែ ប្រចាំស្រុកវ៉ារិន លោកក៏បានចាំល្បាត អស់ជាច្រើនថ្ងៃ ទើបតែប្រទះឃើញ រថយន្តនេះកំពុងចរាចរណ៍ តាមដងផ្លូវ រួចខាងលោកក៏ស្ទាក់ចាប់ បានភ្លាមៗតែម្តង ។
លោកបន្តថា ម្ចាស់រថយន្តបន្ទាប់ពី សមត្ថកិច្ចឃាត់រថយន្តរួចក៏នាំគ្នាបើករថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់អស់ ។
ក្រោយពីឃាត់រថយន្ដរក្សា ទុករហូតដល់ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៩ ទើបមន្រ្ដីជំនាញ វាស់វែង មានឈើប្រភេទ លេខ២ ចំនួន១២គូប ប្រគល់ផ្នែករដ្ឋបាលព្រៃឈើ ស្រុកបន្ទាយស្រី ចំនែករថយន្ដដឹកបទល្មើស សមត្ថកិច្ចជំនាញបានដក ហូតយកយកមករក្សាទុក ៕ ប៊ុនរិទ្ធី