ព័ត៌មានទាន់ហេតុការណ៍៖

មកលេងផ្ទះម្តាយមីង ឆ្លៀតចូលទៅលេងបាល់សិន ស្រាប់តែងងឹតមុខខ្យល់គរដួលស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ងងឹតមុខខ្យល់គរដួលស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីបានជិះម៉ូតូមកលេងផ្ទះម្តាយមីងរូចឆ្លៀត ចូលលេងបាល់ទះសិន ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចតារាងបាល់ទះ ក្នុងដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្រុម២ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់) មានឈ្មោះ ណាត ចាន់នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងកញ្ចក់ ធ្វើការនៅខេត្តកំពងសោម មានស្រុកកំណើត ភូមិពោធិមិត្ត​ ឃុំលើកដែក ស្រុកោះធំ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោងប្រមាណជា៤រសៀល គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង តាំងពីស្រុកំណើតបំណងមកលេងផ្ទះម្តាយមីង ដែលនៅក្បែរកន្លែងកើតហេតុ ហើយជនរងគ្រោះមិនបានចូលទៅលេងផ្ទះម្តាយមីងនោះទេ បានឆ្លៀតចូលលេងបាល់ទះសិន ។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះឧស្សាហ៍មកលេងបាល់ទះនៅទីនេះណាស់ ព្រោះផ្ទះម្តាយមីងគេរស់នៅក្បែរហ្នឹងដែរ ដោយបានចូលមកចាប់គូគ្នាលេងបាល់ទះ ដូចសព្វរាល់ដង ដោយ៤នាក់ទល់នឹង៤នាក់ ជនរងគ្រោះអ្នកវាយសូវីស ផង និងស្មាត់ ផង ដោយលេងធម្មតាបានចប់មួយវគ្គ លុះមកវគ្គទី២ ម៉ោងកើតហេតុខាងលើ ទើបនិងបាន៥គ្រាប់ ទល់និង១០គ្រាប់ ស្រាប់តែជនរងគ្រោះលោតទះបាល់គប់បញ្ចូលទីត្រូវបានភាគីម្ខាងទៀតលោតបារ៉ះ បន្ទាប់មកខាងភាគីលោត បារ៉ះ ធ្លាក់មកវិញបានគ្រិចជើង ស្រាប់តែជនរងគ្រោះបានដើរមកសួរថា ម៉េចហើយអូន បានមួយម៉ាត់ ស្រាប់តែជនរងគ្រោះទន់ជើង លុតជង្គង់ហើយស្រែកប្រាប់ថា គេ ទៅហើយ រួចដួលសន្លប់ស្តូកស្តឹង ធ្វើឲ្យមានកាផ្អើលឆោឡោនៅនឹងកន្លែងកើតហេតុ និងនាំគ្នាជួយសង្គ្រោះបឋម រួចបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្តសង្គ្រោះបន្ទាន់ ភ្លាមៗបន្ទាប់មក រថយន្តសង្គ្រោះបន្ទាន់មហានគរ បានមកដល់ហើយបានដឹកជនរងគ្រោះសង្គ្រោះភ្លាមៗ តែអកុសលជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវបាត់ហើយ រួចក៏បានដឹកត្រឡប់យកមកកន្លែងកើតហេតុវិញ។

បើតាមកាបញ្ជាក់ពីស្ត្រីជាម្តាយមីងជនរងគ្រោះបានប្រាប់ថាក្មួយរបស់ឧស្សាហ៍មកលេងផ្ទះគាត់ណាស់លើកនេះមកលេងដោយមិនបានចូលមកផ្ទះគាត់នោះទេឆ្លៀតមកលេងបាល់ទះសិនដោយអកុសលខ្យល់គរស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោលស្យវិច័យរួចប្រគល់សពជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖