ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលសម្រាប់អ្នកនិយមទស្សនា និងស្តាប់កម្សាន្តបទចម្រៀងរបស់ក្រុមតារាចម្រៀងនារីវ័យក្មេងថៃ គឺក្រុម BNK48 បន្ទាប់ពីសមាជិកក្រុមនេះ៦រូបបានបង្ហាញវត្តមាននៅកម្ពុជា ។ ក្រៅពីការបង្ហាញវត្តមាននេះដែរ ក្រុមអ្នកគ្រប់គ្រងឧស្សាហកម្មផ្នែកតន្ត្រីចម្រៀង ដ៏ល្បីល្បាញមួយនេះ ក៏គ្រោងនឹងបង្កើតកម្មវិធីជ្រើសរើស យុវតីស្រីវ័យក្មេងមានសមត្ថភាពនៅកម្ពុជា ដើម្បីហ្វឹកហាត់ឲ្យក្លាយជាតារាចម្រៀងអាជីពផងដែរ ។
ការបង្ហាញមុខ និងប្រកាសគម្រោងដ៏ភ្ញាក់ផ្អើលមួយនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈលើកិច្ចព្រមព្រៀង រវាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងក្រុមហ៊ុន BNK 48 កាលពីរសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបរិវេណផ្សារទំនើបអ៊ីអនទី១ ។
BNK48 គឺជាក្រុមតារាស្រីថៃ និងក្រុមបងស្រីអន្តរជាតិទីបីរបស់ AKB48 របស់ជប៉ុនបន្ទាប់ពី JKT48 របស់ឥណ្ឌូនេស៊ី និង SNH48 របស់ប្រទេសចិន ។ ក្រុមនេះបានប្រកាសសមាជិកជំនាន់ដំបូងរបស់ខ្លួននៅអំឡុងដើមឆ្នាំ ២០១៧ ។ បច្ចុប្បន្នក្រុមតារាចម្រៀងវ័យក្មេងទាំងនេះ មានសមាជិកសរុប ៥១នាក់ ដែលជាជនជាតិជប៉ុន និងថៃ ហើយបាននឹងកំពុងទទួលការគាំទ្រ ច្រើនលើសលប់ ពីអ្នកគាំទ្រនៅព្រះរាជាណាចក្រថៃ និងកម្ពុជាផងដែរ ។ មកដល់កម្ពុជា សមាជិកក្រុមនេះ ចំនួន៦នាក់ គេសង្កេតឃើញមានអ្នកគាំទ្រនៅកម្ពុជាជាច្រើនបានចូលរួមស្វាគមន៍វត្តមានពួកគេផងដែរ។
នាយកគ្រប់គ្រងទូរទស្សន៍ប៉ុស្តិ៍លេខ៥លោក Supachai Verrapuchong បានចាត់ទុកការបង្ហាញវត្តមានរបស់ក្រុមតារាចម្រៀង BNK48 បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែល្អរបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ លោកថាគឺជាដំណឹងដ៏ល្អរបស់ អ្នកគាំទ្រក្រុមតារាចម្រៀង BNK48 ព្រោះតែក្រុមហ៊ុននេះនឹងធ្វើការជ្រើសរើសយុវតីកម្ពុជាដើម្បីចូលរួមជាសមាជិកក្រុម BNK48 ជំនាន់ទី៣។
ថ្លែងក្នុងឱកាសខាងលើនេះដែរ អ្នកគ្រប់គ្រងក្រុមហ៊ុន BNK48 បានបញ្ជាក់ថា ជាឱកាសល្អមួយដែលសមាជិកក្រុម BNK48 បានធ្វើដំណើរមកដល់កម្ពុជាលើកដំបូងហើយ ក៏ជាឱកាសបង្កើតសម្ព័ន្ធមិត្តរវាងប្រទេសថៃ និងកម្ពុជាតាមរយៈតន្ត្រី និងចម្រៀង Pop ។ លោកថា ការមកដល់កម្ពុជាពេលនេះ ក៏ជាស្ពានតភ្ជាប់ទំនាក់ទំនង និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំង៣គឺកម្ពុជា ថៃ និងជប៉ុន ។ លោកថានឹងមានទស្សនីយភាពសិល្បៈមួយចំនួនទៀតនឹងបន្តបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ហើយលោកក៏រំពឹងដែរថានឹងមានយុវតីកម្ពុជាអាចក្លាយជាសមាជិកក្នុងក្រុមចម្រៀង BNK48 តាមរយៈកម្មវិធីនៃការជ្រើសរើសមួយ៕ វឌ្ឍនា