ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើស​នៃការដឹកជញ្ជូនឈើ​មូល​នៅ​ខេត្តពោធិ៍សាត់ធ្វើឡើងជាចំហរ

ចែករំលែក៖

គ្មានការបង្ក្រាបទាល់ទេសោះ​ចំពោះសកម្មភាព​កាប់បំផ្លាញព្រៃឈើ​ទាំងតូច ទាំងធំ នៅក្នុងភូមិសាស្ត្រ​ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ ។ មន្ត្រីរដ្ឋបាលព្រៃឈើ​បានដាក់កម្លាំងចាំយកលុយពីរថយន្តកែច្នៃ ឬគោយន្ត ដឹកឈើ​មូល​ទាំងនោះជាចំហរ ។ អ្នករកស៊ីដឹកឈើ​ចាំបាច់​ត្រូវ​តែបង់ប្រាក់​ឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ​ លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ ដោយខានមិនបាន ។ បណ្តាជនដែលរកស៊ីដឹក​ឈើដូចក្នុងរូបភាពនេះ ប្រសិនបើមិនបង់ប្រាក់ទេ មុខជាត្រូវចាប់ បង្ក្រាប​យកស្នាដៃ​ ហើយថ្ងៃក្រោយគ្រាន់តែឮឈ្មោះ លោកមេព្រៃ សួស សុផានិត គឺញាក់សាច់តែម្តង ។

ប្រភពបានរាយការណ៍ថា ឈើ​មូល​ដែល​មានទំហំតូចៗល្មម ត្រូវបានគេកាប់បំផ្លាញយ៉ាងរាលដាល​នៅក្នុងស្រុកភ្នំក្រវាញ នៃដែន​សមត្ថកិច្ច​បរិស្ថាន ។ មួយថ្ងៃៗ មានរថយន្តកែច្នៃ ឬគោយន្តរាប់សិបគ្រឿង ដឹកឈើមូលចេញពីតំបន់ព្រៃនៃស្រុកភ្នំក្រវាញ ឆ្ពោះមកស្រុក​ក្រគរ បន្តមកខេត្តកំពង់ឆ្នាំង ។ ពួកអ្នករកស៊ីឈើមូល​ទាំងនេះ អះអាងថា យ៉ាងណាក៏ត្រូវទូរស័ព្ទប្រាប់លោក សួស សុផានិត មុនពេលចេញ​ដំណើរ​មកដល់ដែនសមត្ថកិច្ចរបស់លោក ។ ប្រសិនជាមិនប្រាប់​មុន ឬមិនព្រមបង់ប្រាក់ មុខជាត្រូវបង្ក្រាប​ចាប់ជាមិនខានឡើយ ។ ចាប់តែមួយគឺរញ្ជួយគ្រប់ទិស ដូច្នេះគ្មាននរណាហ៊ានរំលង​លោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញ នោះបានឡើយ ។ នៅពេលឆ្លងចូលដល់ស្រុកក្រគរ ក៏ត្រូវបង់ជូនលោក ប៊ុល ចន្ថា នាយផ្នែករដ្ឋបាលព្រៃឈើ​ក្រគរ​មួយទៀត ។

ក្រុមអ្នករកស៊ី​ដឹកឈើមូលទាំងនោះអះអាងថា សកម្មភាពកាប់ឈើតូចៗនៅក្នុងព្រៃកំពុងប្រជែង​គ្នា ។ ការកាប់ឈើចេញពីតំបន់​ការពារ ក្នុងដែនសមត្ថកិច្ចបរិស្ថាន ក៏ត្រូវបង់ប្រាក់ជូន​មន្ត្រីបរិស្ថានប្រចាំការ​នៅទីនោះដែរ ។ ស្ថានភាពបែបនេះ ប្រសិនបើមិនទប់ស្កាត់ទេនោះ ព្រៃឈើនៅតំបន់ការពារក្នុងស្រុកភ្នំក្រវាញ នឹងត្រូវរលាយ​ក្នុងពេលឆាប់ៗ ។ ពួកមន្ត្រីមានសមត្ថកិច្ច ទាំងបរិស្ថាន និងមេព្រៃ​នៅខេត្តពោធិ៍សាត់​មិនដែលខ្វល់​ថា ត្រូវបង្ក្រាបបទល្មើស​ឬត្រូវការពារព្រៃឈើអ្វីនោះឡើយ ។ ផ្ទុយទៅវិញ ពួកគេ​បន់ឲ្យតែមានបទល្មើស ដើម្បី​បានលាភសក្ការ​តែប៉ុណ្ណោះ ។ ប្រសិនបើគ្មានបទល្មើស ក៏គ្មានលាភសក្ការចូលហោប៉ៅនោះដែរ ។

លោក សួស សុផានិត ត្រូវគេរាយការណ៍ថា ជាអ្នកដែលមិនខ្វល់​ចំពោះការរិះគន់ ឬក៏​ត្រូវចាត់វិធានការបង្ក្រាប​បទល្មើសអ្វីម្តងណាឡើយ ។ យ៉ាងដូច្នេះ ក៏ព្រោះតែថ្នាក់ដឹកនាំខេត្ត ជាពិសេស​ស្ថាប័នរដ្ឋបាលព្រៃឈើផ្ទាល់ ពោលគឺមន្ទីរកសិកម្មខេត្តពោធិ៍សាត់ផ្តេកផ្តួលក្នុងរឿង​ផលប្រយោជន៍នេះជាមួយមន្ត្រីនៅមូលដ្ឋាននោះដែរ ។ ដូច្នេះ បានជាមិនមានការបង្ក្រាប​ណាមួយឡើយនៅក្នុងដែនសមត្ថកិច្ចរបស់លោក សួស សុផានិត ។ យូរៗម្តងគេឃើញសមត្ថកិច្ចដទៃ​ចុះទៅបង្ក្រាបបទល្មើស​នៅក្នុងដែនសមត្ថកិច្ចរបស់លោកសួស សុផានិត​ នោះដែរ ។ គេរំពឹងថា អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ​ដឹកនាំដោយលោក កែវ អូម៉ាលីស្ស នឹងចាត់វិធានការ ចំពោះមន្ត្រីខិលខូច ដូចយ៉ាងលោក​សួស សុផានិត នេះផង ៕


ចែករំលែក៖