ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងសង្វៀន​ជល់មាន់ និងលេងអាប៉ោង កំពុងបង្អួតសម្រស់ ដាក់អ្នកភូមិ​ចំរើនផល​២ ​សង្កាត់​បឹង​ទំពុន​១​ ខណ្ឌមានជ័យ ព្រោះគ្មានអ្នកបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ បើទោះបីជាលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជារឲ្យអាជ្ញាធរ ខណ្ឌទាំង១២ លុបបំបាត់ល្បែងស៊ីសងឲ្យអស់ ដើម្បីថែរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ល្បែងស៊ីសង នៅតែលួចលាក់បើកភ្នាល់គ្នាដោយមានការ ត្រូវរ៉ូវជាមួយសមត្ថកិច្ចមូលរដ្ឋានរហូតដល់ថ្នាំលើក៏មាន ជាក់ស្តែងទីតាំងសង្វៀនជល់មាន់និងលេងអាប៉ោង ដែលស្ថិតនៅភូមិ​ចំរើនផល​២ ​សង្កាត់​បឹង​ទំពុន​១​ ខណ្ឌមានជ័យ បានរត់ការយ៉ាងស្អាតជាមួយនឹងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីបើកលេងចំហដោយមិនមានការព្រួយបារម្ភថា សមត្ថកិច្ចឬអាជ្ញាធរណាហ៊ានចុះបង្ក្រាបនោះទេ ។

ជាក់ស្តែងទីតាំងល្បែងជល់មាន់និងលេងអាប៉ោង សុទ្ធតែមានខ្នងបង្អែកជាអ្នកធំនៅពីក្រោយហើយមើលទៅ ទើបអាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានសង្ក្រាបបែបនេះ សូមបីតែលោក ម៉េង វិមានដារ៉ា ដែលទើបនឹងឡើងកាន់តំណែងជាអធិការនគរបាលខណ្ឌមានជ័យថ្មីៗនេះ ក៏មិនហ៊ានបង្ក្រាបដែរ ។

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

គួររំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ។

បច្ចុប្បន្ននេះសម្ដេច ក្រឡាហោម ស ខេង ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕ស តារា


ចែករំលែក៖