ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀន វង្វេងស្មារតី ទៅយករបស់របរយុវជនប្រុស ស្រីមួយក្រុម ត្រូវគេព្រួតវាយម្នាក់មួយដៃ មួយជើង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ដែលគេស្គាល់ថា ជាមនុស្សប្រើប្រាស់ថ្នាំញៀន វង្វេងស្មារតី បាត់បង់ម្ចាស់ការលើខ្លួនឯង អត់ផ្ទះសំបែង រស់នៅតាមចិញ្ជើមផ្លូវ មិនដឹងមកពីណា ដើររើសនេះ រើសនោះ តាមសួនច្បារសាធារណៈ ហើយដើរទៅយករបស់របរយុវជនប្រុសស្រីមួយក្រុម គេទ្រាំមិនបាន ព្រួតវាយម្នាក់មួយដៃ មួយជើង ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់ បងប្អូនប្រជាពលរដ្ឋនាំគ្នាចោម រោមមើលកាលពីម៉ោងជិត៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវសុធារស ត្រង់ចំណុចសួនច្បារមុខ វត្តបុទុម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបុរសម្នាក់ជា អ្នកលក់ដូរនៅជិតទីតាំងកើត ហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជាមនុស្សប្រើប្រាស់ថ្នាំញៀន វង្វេងស្មារតី បាត់បង់ម្ចាស់ការលើខ្លួនឯង អត់ផ្ទះសំបែង មិនដឹងមក ពីណា ដើររើសសំរាមតាមទីសាធារណៈ នៅក្បែរហ្នឹងកន្លែងកើតហេតុ បានដើរទៅវិញទៅមក រើសនេះរើសនោះ ហើយថែមទាំងដើរទៅរើសយក របស់របរយុវជនប្រុសស្រីមួយ ក្រុម កំពុងអង្គុយញាំអី នៅតាមសួនច្បារ ដោយលើកទី១ ឃើញក្រុមយុវជនទាំងនោះ គ្រាន់តែស្រែក ដើម្បីកុំឲ្យយុវជនរូបនេះ មកយករបស់របរពួកគេទៀត ។

ប្រភពបន្តថា យុវជនរូបនេះនៅតែមក រញ៉េរញ៉ៃអុកឡុកពួកគេទៀត ទើបធ្វើឲ្យគេព្រួតវាយម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាន នាំគ្នាចុះទៅផ្ដិតយករូបភាព និងសួរនាំនៅកន្លែងកើតហេតុ ហើយក្រុមយុវជនប្រុសស្រីទាំងនោះ ក៏បានឡើងជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់អស់។ ក្រោយមកទើបឃើញសមត្ថកិច្ចចុះមកពិនិត្យមើលជាក់ស្តែង រួចដេញឲ្យជនប្រើថ្នាំញៀនវង្វេងស្មារតី បាត់បង់ម្ចាស់ការលើខ្លួនឯងនោះ ដើរចេញពីកន្លែងកើតហេតុបាត់ទៅ ៕ ជ្រោយពេជ្រ


ចែករំលែក៖