ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ៖ រាជធានីភ្នំពេញកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើក ទី៣៩របស់ AIMF នៅចុងឆ្នាំ២០១៩នេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃសុក្រ ០៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ តត្រូវនឹងថ្ងៃទី០៨ មីនា បានទទួលជួបសំណេះសំណាលជាមួយ លោកព្យែរ បៃយ៉េ លេខាធិការអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)ដោយផ្តោតសំខាន់ទៅលើការត្រៀមលក្ខណៈរបស់រាជធានីភ្នំពេញក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតរបស់AIMFលើកទី៣៩ នៅចុងឆ្នាំ២០១៩នេះ ។

លោក ឃួង ស្រេង បានជំរាបជូនលោកព្យែរ បៃយ៉េ ពីការផ្តល់កិច្ចសហការឲ្យបានល្អប្រសើរជាមួយ(AIMF) ក្នុងនាមទីក្រុងភ្នំពេញជាសមាជិកការិយាល័យ របស់(AIMF) និងត្រូវបានអង្គសន្និបាត (AIMF)អនុមត័គាំទ្រជាឯកច្ឆន្ទជូនរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់សមាគមលើកទី៣៩ស្របនឹងខួបទី៤០នៃការបង្កើតសមាគមហើយសន្និបាតឆ្នាំនេះ គឺបន្តការងារពីសន្និបាតឆ្នាំមុននៅទីក្រុងលីល ប្រទេសបារាំងដោយផ្តោតសំខាន់ទៅលើខ្លឹមសារការរស់នៅក្នុងទីក្រុង និងកីឡា ។ រាជធានីភ្នំពេញក៏គាំទ្រទៅនឹងគំរោងបង្កើតការិយាល័យ(AIMF)នៅរាជធានីភ្នំពេញសម្រាប់តំណាងប្រចាំតំបន់ផងដែរ ។

លោកព្យែរ បៃយ៉េ បានលើកឡើងថា សន្និបាតរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនៅរាជធានីភ្នំពេញ គឺជាទ្វាមួយបើកទៅកាន់ពិភពលោក និង បង្ហាញពីអ្វីដែលសមគមបានធ្វើ ក៏ដូចជាការបង្ហាញពីសក្តានុពលវប្បធម៌,ការរីកចំរើនរបស់រាជធានីភ្នំពេញ ក៏ដូចជាវិស័យទេសចរ,កីឡា,បរិស្ថានជាដើម ។

លោកថា យើងព្យាយាមដោះស្រាយបញ្ហាដែលកើតមានដូចជាបញ្ហាទឹកកខ្វក់,ការរស់នៅរបស់ប្រជាពលរដ្ឋ និងកីឡាជាដើមដោយលោកសុំការគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា រាជរដ្ឋាភិបាលត្រៀមខ្លួនផ្តល់បដិភាគជាមួយAIMFក្នុងការជួយអភិវឌ្ឍន៍រាជធានីភ្នំពេញ ហើយសម្តេចក៏បានលើកទឹកចិត្តដល់ទីក្រុងផ្សេងៗទៀតនៅកម្ពុជាសហការជាមួយ(AIMF)ដើម្បីបង្ហាញពីសក្ដានុពលខេត្ត ក្រុងរបស់ខ្លួននិមួយៗ ។

នៅរសៀលថ្ងៃដដែលនេះដែរ លោកឃួង ស្រេង និងលោកព្យែរ បៃយ៉េ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយសម្រាប់គម្រោង ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិនៅព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យរៀបចំក្រុងប្រកបដោយនិរន្តរភាព ដើម្បីរៀបចំតំបន់អាណាធិបតេយ្យឡើងវិញក្នុងទីក្រុង និងធានាផ្ដល់នូវលទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ ផ្សេងៗសម្រាប់សហគមន៍ក្រីក្រ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ( AIMF )៕ សំរិត


ចែករំលែក៖