ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួន អ្នកឧកញ៉ា គិត ធាង ពាក់ព័ន្ធគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក

ចែករំលែក៖

ភ្នំពេញ៖ លោកសេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ សម្រេចឃុំខ្លួនអ្នកឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ដាក់ពន្ធនាគារប៉េហ្ស៊ី ពាក់ព័ន្ធគ្រឿងញៀនដ៏ច្រើនសម្បើម ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការ ។

អ្នកឧកញ៉ា គិត ធាង ត្រូវបានចោទប្រកាន់តាមមាត្រា៤៤ កថាខណ្ឌទី២ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ ដែលចែងថា”អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬ អំពើផ្សេងទៀតដែលបង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គឺ ជាបទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោស៥ឆ្នាំទៅ១០ឆ្នាំ និង ពិន័យជាប្រាក់ពី១០លានរៀលទៅ២០លានរៀល ។

សូមបញ្ជាក់ថា សំណុំរឿងគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក មានជនសង្ស័យចំនួន១៨នាក់ហើយ រួមទាំងអ្នកឧកញ៉ា គិត ធាង ផង ដែលកំពុងជាប់ពន្ធនាគារ ។

ករណីនេះ ដំបូងឡើយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ និង គ្រឿងញៀនជាង៤០គីឡូក្រាម ។

ឧកញ៉ា គិត ធាង ត្រូវអស់លក្ខណ៍ ដោយត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសឱ្យចាប់មេខ្លោងនៃមជ្ឈមណ្ឌលកម្សាន្តរ៉ុក គឺ ឧកញ៉ា គិត ធាង ។

មជ្ឈមណ្ឌលកម្សាន្តរ៉ុក ត្រូវបានបើកដំណើរការជាយូរឆ្នាំមកហើយ ដែលបទល្មើសគ្រឿងញៀន ក៏អាចនឹងកើតឡើងយូរហើយដែរ ។ ប៉ុន្ដែសំណួរសួរ ថា ហេតុអ្វី ? សមត្ថកិច្ចមិនដែលបង្ក្រាប ។

មិនត្រឹមតែកើតឡើងបទល្មើសគ្រឿងញៀន ទេ តែបញ្ហាជាច្រើនទៀត ដែលអ្នកដឹងរឿងច្បាស់ បញ្ជាក់ថា សេវាកម្មផ្សេងៗទៀត ដូចជា រាំស្រាត ការកុម្ម៉ង់គ្រឿងញៀន ជក់បណ្តើរ រាំរែកបណ្តើរ ថែមទៀតផង ។

ត្រង់ចំណុចនេះ មហាជន ថ្លែងថា “វៃឆ្កែឱ្យមើលម្ចាស់”មជ្ឈមណ្ឌលកម្សាន្តរ៉ុក ជារបស់អ្នកណា ? អ្នកណាៗក៏ដឹងដែរ ថា អ្នកឧកញ៉ា គិត ម៉េង ដ៏មានឥទ្ធិពល គឺ ជាប្អូនប្រុសបង្កើតរបស់អ្នកឧកញ៉ាគិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ។

តិចឬច្រើន ប្រាកដណាស់ថា អ្នកឧកញ៉ា គិត ម៉េង ពិតជាមានឥទ្ធិពលលើមជ្ឈមណ្ឌលកម្សាន្តរ៉ុក ។

អ្នកច្បាប់លើកឡើងថា តាមពិតរាល់ការបង្ក្រាបបទល្មើសគ្រឿងញៀន ប្រាកដណាស់ អាជ្ញាធរត្រូវតែបិទមជ្ឈមណ្ឌលកម្សាន្តនោះ ព្រោះម្ចាស់ទីតាំងមិនអាចរួចផុតពីការទទួលខុសត្រូវបានឡើយ ។

ប៉ុន្ដែហេតុអ្វី ? កាលបង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយចាប់ខ្លួន DJ ឡាយ អិន អាជ្ញាធរមិនបិទមជ្ឈមណ្ឌលកម្សាន្តរ៉ុក ? ។

នេះជាសំណួរ ដែលមហាជនសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំង ។

ក្រោយមកទៀត រហូតមានការបង្ក្រាបទ្រង់ទ្រាយធំ ដែលដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សជាង៣០០នាក់ និង គ្រឿងញៀនជាង៥០គីឡូក្រាម ។

លើកនេះ អាជ្ញាធរត្រូវបង្ខំចិត្តបិទមជ្ឈមណ្ឌលកម្សាន្តរ៉ុក ព្រោះមហាជនទាមទារខ្លាំងជាទីបំផុត ដោយចាត់ទុកថា”រ៉ុក”ជាជង្រុកនៃបទល្មើសគ្រឿងញៀន ។

នៅមានចំណុចមួយទៀត ដែលមហាជនកំពុងទាមទារ ហើយពុំទាន់ទទួលបាន គឺ ការចាប់ខ្លួនឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ទីបំផុត អ្នកឧកញ៉ា គិត ធាង ត្រូវបានចាប់ខ្លួនបញ្ជូនមកតុលាការមែន ។

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលក្នុងគោលដៅលុបបំបាត់គ្រឿងញៀនឱ្យអស់ចេញពីប្រទេសកម្ពុជា ។

យុទ្ធនាការនេះ ត្រូវបានបង្ហាញលទ្ធផលជារៀងរាល់ថ្ងៃ និង តែងតែធ្វើការបូកសរុប បង្ហាញជាសាធារណៈផងដែរ ។

សង្ឃឹមថា ករណីមជ្ឈមណ្ឌលកម្សាន្តរ៉ុក គឺ ជាការដាស់តឿន អាជ្ញាធរពាក់ព័ន្ធឱ្យកាន់តែមានសកម្មភាពយ៉ាងខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ក្លិបកម្សាន្តដទៃទៀត សមត្ថកិច្ចក៏ពុំគួរមើលរំលងដែរ ពិសេស ក្លិបកម្សាន្តណា ដែលមានឧកញ៉ា ឬ មន្ត្រីគ្រាក់ៗនៅពីក្រោយ ។

សូមចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់គ្រឿងញៀន ៕


ចែករំលែក៖