អ៊ីរ៉ង់បានធ្វើសមយុទ្ធដោយមានយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង បំពាក់ អាវុធ វាយប្រហារដោយជោគជ័យ ទៅលើគោលដៅនានា នៅតំបន់ជិត ឈូងសមុទ្រ Hormuz ។
កម្លាំងទាហានបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)បានបញ្ជាក់ថា សយុទ្ធធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ហើយបានសាកល្បងយន្តហោះគ្មានមនុស្សបើក រាប់សិបគ្រឿង ផលិតដោយខ្លួនឯង បំពាក់អាវុធ វាយប្រហារទៅលើគោលដៅផងដែរ។ នេះជាលើកទីមួយ ដែលអ៊ីរ៉ង់ សាកល្បងយន្តហោះគ្មានមនុស្សបើកបំពាក់អាវុធ ដោយពីមុន មានតែយន្តហោះស៊ើបការណ៍តែប៉ុណ្ណោះ ។ សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា អ៊ីរ៉ង់បានរីកចំរើនយ៉ាងខ្លាំងក្នុងវិស័យផលិតអាវុធការពារជាតិ ក្នុងនោះមានយន្តហោះគ្មានមនុស្សបើក វាយលុក ។
សមយុទ្ធខាងលើរបស់អ៊ីរ៉ង់ មានឈ្មោះថា “Towards al-Quds 1” រៀបចំឡើងដោយកម្លាំង ទាហានអាកាសអ៊ីរ៉ង់ IRGC ។ យន្តហោះគ្មានមនុស្សបើករាប់សិបគ្រឿងប្រភេទ RQ-170 អាចបំបាំងកាយ ផលិតដោយអ៊ីរ៉ង់ ហើយយកគំរូទៅតាមយន្តហោះ Sentinel របស់អាមេរិក។
លោក Salami មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា ការសាកល្បងខាងលើទទួលបានជោគជ័យដោយ យន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើគោលដៅដោយជោគជ័យ ។ លោកបន្តទៀតថា កម្លាំងទាហានអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវាយប្រហារ ៕