ព័ត៌មានទាន់ហេតុការណ៍៖

សំណង់រឹងមាំរំលោភលើស្ថានីយចម្រោះទឹកកខ្វក់លក្ខណៈធម្មជាតិ ត្រូវហាមឃាត់និងឲ្យវាយកម្ទេចចោល

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមការងារប្រព័ន្ធលូ អូរ ប្រឡាយ និងប្រព័ន្ធប្រព្រឹត្តិកម្ម នៃសាលាខេត្តព្រះសីហនុ បានចុះហាមឃាត់ និងឲ្យវាយកម្ទេចចោលនូវធ្នឹម នៃសំណង់រឹងមាំប្រវែងជិត៤០ម៉ែត្រ ទទឹង១៥ម៉ែត្រ ដែលបានសង់នៅលើស្ថានីយចម្រោះទឹកកខ្វក់តាមធម្មជាតិ (ជិតស្ពានសណ្ឋាគារសុខា) ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

ក្រុមការងារ បានសម្រេចឲ្យម្ចាស់ការដ្ឋានរុះរើសំណង់ដែលបានសាងសង់នៅលើអាងចម្រោះធម្មជាតិដោយខ្លួនឯង អោយអស់មុនថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ និងតម្រូវឲ្យម្ចាស់ទីតាំងជួសជុលអាងចម្រោះឲ្យបានដូចសភាពដើមវិញ។ ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារទេនោះ ក្រុមការងារនឹងចុះមករុះរើ។ រាល់ការចំណាយផ្សេងៗ គឺជាបន្ទុករបស់ម្ចាស់ការដ្ឋានទាំងស្រុង ហើយក្រុមការងារនឹងបន្តនីតិវិធីដាក់ទៅតុលាការ។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរ។

លោក ជ្រា ថារ៉ាវុធ អនុប្រធានមន្ទីរសារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមការងារប្រព័ន្ធលូ អូរ ប្រឡាយ និង ប្រព័ន្ធប្រព្រឹត្តិកម្ម មានប្រសាសន៍ថា សំណង់រឹងមាំប្រវែងជិត៤០ម៉ែត្រ ទទឹង១៥ម៉ែត្រ ដែលបានសង់នៅលើស្ថានីយចម្រោះទឹកកខ្វក់តាមធម្មជាតិនោះ បានសាងសង់អស់រយៈពេល១០ថ្ងៃកន្លងមកហើយ។ លោកបន្តថា ក្រុមការងារពុំបានដាក់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្តទេ គ្រាន់តែស្នើសុំឲ្យគាត់រុះរើដោយខ្លួនឯង និងសងការខូចខាតប៉ុណ្ណោះ តែបើគាត់មិនព្រមអនុវត្តតាមទេ ទើបក្រុមការងារអនុវត្តតាមច្បាប់ជាធរមាន។

លោក ថា រ៉ាវុធ បញ្ជាក់បន្តថា អ្នកបំពាននោះបានរៀបពុម្ភចាក់គ្របអូរ ប៉ះដល់សំណង់របស់មន្ទីរសាធារណការ និងដឹកជញ្ជូន។ ម្យ៉ាងទៀត ការចាក់គម្របគ្របលើអូរនេះ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធបូមទឹកកខ្វក់ពីស្ថានីយទី២ មកស្ថានីយទី៣ឆ្លងកាត់អូរនេះ ដែលយើងត្រូវការស្តារវា ដើម្បីសម្អាតទឹក។ ដូច្នេះបើយើងមិនទប់ស្កាត់ទេ វានឹងមានបញ្ហាច្រើនកើតឡើងក្រោយពេលចាក់គំរបគ្របអូរហើយ។

គួរបញ្ជាក់ថា ពេលបំពេញការងារចុះហាមឃាត់ គឺមានវត្តមានចូលរួមរបស់សមាជិកក្រុមការងារប្រព័ន្ធលូ អូរ ប្រឡាយ និង អាងប្រព័ន្ធប្រព្រឹត្តិកម្ម តែប្រាំមួយនាក់ប៉ុណ្ណោះ ក្នុងចំណោមសមាជិកជិត៤០នាក់ ក្នុងនោះមានមន្រ្តីមកពីមន្ទីរសាធារណការ និងដឹកជញ្ជូន មកពីមន្ទីរធនធានទឹក និងឧតុនិយម មកពីមន្ទីរបរិស្ថាន ចៅសង្កាត់រងសង្កាត់លេខ៤ មន្ត្រីសាលាក្រុងព្រះសីហនុ និងប្រធានការិយាល័យបច្ចេកទេស ៕ ហេង សូរិយា


ចែករំលែក៖