បាតុកម្មរបស់ក្រុមអាវកាក់ពណ៌លឿង ក្នុងប្រទេសបារាំង កាន់តែធ្ងន់ធ្ងរទៅៗ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ខណៈដែលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ គឺជាសប្តាហ៍ទី១៨ហើយ ដែលក្រុមបាតុករ ប្រមូលផ្តុំបាតុកម្មប្រឆាំងគោលនយោបាយសេដ្ឋកិច្ចរដ្ឋាភិបាល និងទាមទារលោក Macron ប្រធានាធិបតីបារាំងស្របច្បាប់ ឲ្យចុះចេញពីតំណែង ។
បាតុកម្មកាលពីថ្ងៃសៅរ៍នេះ របស់ក្រុមអាវកាក់លឿងនៅក្នុងទីក្រុងប៉ារីស បានក្លាយជាអំពើហិង្សា ឆក់ប្លន់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈយ៉ាងធ្ងន់ធ្ងរ និងដុតឆេះធនាគារ នាំឲ្យមានការជម្លៀសពលរដ្ឋផងដែរពីកម្លាំងសមត្ថកិច្ច ។ បាតុកម្មនេះ ក្រុមបាតុករបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ បណ្តាលឲ្យរងរបួសច្រើននាក់ ដោយសារតែកើតមាននូវអំពើហិង្សាដាក់គ្នា ។
ប៉ូលិសបានបង្ខំចិត្តចាប់ខ្លួនបាតុករ បង្កអំពើហិង្សា២៣៧នាក់ ក្នុងនោះ រដ្ឋអាជ្ញាក៏បានសម្រេចដាក់ទោស១០៦នាក់ឲ្យជាប់ពន្ធនាគារ ។
បាតុកម្មមិនមែនតែនៅទីក្រុងប៉ារីសនោះឡើយ ប៉ុន្តែនៅទូទាំងប្រទេស ទីតំបន់ប្រជុំជនសំខាន់ៗផងដែរ ។ ដូចជានៅទីក្រុង Bordeaux ភាគអាគ្នេយ៍ បាតុករបានប៉ះទង្គិចជាមួយប៉ូលិស ។ ក្រសួងមហាផ្ទៃបារាំងបាន ប៉ាន់ប្រមាណថា បាតុករប្រហែល១ម៉ឺននាក់ នាំគ្នាដង្ហែក្បួនកាលពីថ្ងៃទី១៦ ខែមីនា ខណៈដែលនៅទូទាំងប្រទេសមានសរុបប្រហែល ៣២,៣០០នាក់ ។ ចំនួននេះ មានការថយចុះ ប្រៀបធៀបសប្តាហ៍កន្លង ។
បាតុកម្មបានក្លាយជាអំពើហិង្សា ដុតកម្ទេចទ្រព្យសម្បត្តិសាធារណៈ ចូលលុកលុយហាងលក់ទំនិញ និងធនាគារជាដើម ។ មនុស្ស១១នាក់បានរងរបួសក្នុងអំពើហិង្សានៅធនាគារមួយកន្លែង ។
អគារធនាគារជាន់ផ្ទាល់ដីត្រូវបានបាតុករដុតឆេះ បង្កឲ្យមានចលាចលយ៉ាងខ្លាំង ។ ក្រុមពន្លត់អគ្គិភ័យ បានអន្តរាគមន៍ និងជម្លៀសមនុស្សទាន់ពេល ក្នុងនោះមានកុមារអាយុ៩ខែផងដែរ។
ប៉ូលិសបញ្ជាក់ថា ខាងកម្លាំងសន្តិសុខ១៧នាក់បានរងរបួស រីឯក្រុមបាតុករ៤៣នាក់រងរបួស ដោយសារការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៦ ខែមីនានេះ ។
លោក Christophe Castaner រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបានថ្កោលទោសជនបង្កហិង្សាអំឡុងពេលបាតុកម្មនេះ និងថា អ្នកទាំងនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ៕