ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ វីដេអូស្តីអំពីសកម្មភាពបាញ់ប្រហារភេរវកម្មក្នុងព្រះវិហារអ៊ីស្លាម ប្រទេសនូវែលសេឡង់ រហូតដល់១,៥លានវីដេអូ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកប្រកាសលុបចោលទាំងស្រុង ។
ក្រុមហ៊ុនហ្វេសប៊ុកបានបញ្ជាក់នៅលើប្រព័ន្ធ tweet http://bit.ly/2HDJtPM កាលពីរសៀលថ្ងៃទី១៦ ខែមីនាថា «ក្នុងអំឡុងពេល២៤ម៉ោងមុនដំបូង យើងបានលុប១,៥លានវីដេអូជាសកល ស្តីអំពីសកម្មភាពបាញ់ប្រហារ ។ ក្នុងនោះ១,២លានវីដេអូត្រូវយើងបិទ មិនឲ្យបង្ហោះបានឡើយ»។
ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ទៀតថា ការនិពន្ធ កែសម្រួល វីដេអូ អំពីការបាញ់ប្រហារ ដែលរំលោភទៅលើជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារ និងទាក់ទងអាជ្ញាធរក្នុងតំបន់នេះ ក៏ត្រូវបានលុបចោលផងដែរ ។
សូមបញ្ជាក់ថា អ្នកស្លាប់ក្នុងការបាញ់ប្រហារភេរវកម្ម នៅព្រះវិហារប្រទេសនូវែលសេឡង់ បានកើនឡើង៥០នាក់ មកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារភេរវកម្មក្នុងព្រះវិហារអ៊ីស្លាមចំនួន២ កាលពីថ្ងៃទី១៥ ខែមីនានោះ បានផ្សាយបន្តផ្ទាល់សកម្មភាពយង់ឃ្នងរបស់ខ្លួនមានរយៈពេល១៧នាទី ។ ភ្លាមៗនោះ វីដេអូនេះបានចែកចាយ ចម្លងពាសពេញពិភពលោក យ៉ាងឆាប់រហ័សបំផុត តែប៉ុន្មានម៉ោងប៉ុណ្ណោះ ។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern លោកស្រីមានបំណងពិភាក្សាជាមួយក្រុមហ៊ុនហ្វេសប៊ុកស្តីអំពីវីដេអូផ្សាយបន្តផ្ទាល់ ដែលស្តែងអំពីការបាញ់ប្រហារភេរវកម្មនេះ ។
កាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនា ប៉ូលិសនូវែលសេឡង់បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតដោយសារអំពើវាយប្រហារភេរវកម្មនៅព្រះវិហារអិស្លាមចំនួនពីរ ក្នុងទីក្រុង Christchurck ប្រទេសនូវែលសេឡង់នោះ បានកើន៥០នាក់ ។ ជនរងគ្រោះម្នាក់ទៀតទើបតែរកឃើញគេឃាតកបាញ់ប្រហារនៅកន្លែងកើតហេតុ ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញសាកសពថែមម្នាក់ទៀត ខណៈដែលកំពុងតែនាំយកសាកសពទាំងឡាយជាង៤០នាក់ចេញពីព្រះវិហារអិស្លាម Masjid Al Noor ដែលត្រូវបានបាញ់រះដោយខ្មាន់កាំភ្លើងសម្រុកចូលទៅកាន់ទីកន្លែងព្រះវិហារនោះ ។
ស្នងការប៉ូលិស Mike Bush បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា ជនរងគ្រោះដែលរងរបួសមានចំនួន៥០នាក់ ក្នុងនោះ៣៦នាក់ បាននិងកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យទីក្រុង Christchurck ។
ទាក់ទងបញ្ហានេះដែរ ជនជាតិអូស្ត្រាលីម្នាក់អាយុ២៨ឆ្នាំ ឈ្មោះ Brenton Tarrant ត្រូវបានតុលាការចោទប្រកាន់ទោសពីបទមនុស្សឃាត ។ ឃាតករូបនេះបានវត្តមានក្នុងសវនាការតុលាការកាលពីព្រឹកថ្ងៃសៅរ៍ ។
សវនាការទៅលើជននេះត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ៕