ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់។
ក្នុងចំណោមនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែនចំនួន១៤៤នាក់ផងដែរ។ វិទ្យាស្ថានខ្មែរជំនាន់ថ្មី គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជនមួយដែលត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាល វិទ្យាស្ថានស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយធ្វើការបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់។ ក្រៅពីការងារបណ្តុះបណ្តាល វិទ្យាស្ថានក៏បានចូលរួមចំណែកបម្រើឲ្យសកម្មភាពមនុស្សធម៌ស្របតាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕