ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ ដាច់ទឹកប្រើប្រាស់ នៅស្រុកព្រះនេត្រព្រះ ស្នើសុំអាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជួយជីក និងស្តារស្រះទឹកបន្ថែម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានស្នើសុំអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជួយជីក និងស្តាស្រះទឹកបន្ថែម ដើម្បីរក្សាផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ ខណៈដែលក្នុងរដូវខែប្រាំងឆ្នាំនេះ អាកាសធាតុប្រែប្រួលក្តៅហួតហែងទឹកស្រះ ដែលជាប្រភពផ្គត់ផ្គង់ទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានរងការរីងស្ងួត ហើយប្រជាជនដាច់ទឹកប្រើប្រាស់ ។

ការស្នើស្នើសុំពីសំណាក់ប្រជាពលរដ្ឋកជីកស្រះ និងស្តារស្រះទឹក ខណៈដែលកម្លាំងសមត្ថកិច្ចទាំង៣ ប្រភេទនគរបាលយោធា និងកងកម្លាំងអាវុធហត្ថប្រើប្រាស់រថយន្តទឹករបស់កស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៨គ្រឿង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចុះទៅចែកទឹកជូនប្រជាពលរដ្ឋដាច់ទឹកប្រើប្រាស់ នៅភូមិតាអ៊ុន ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ​កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ ត្រូវថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ។

ប្រជាពលរដ្ឋរស់នៅភូមិអាអ៊ុនប្រាប់ថា ប្រជាជននៅក្នុងឃុំទានកាំ ភាគច្រើនប្រើប្រាស់ទឹកស្រះបំរើជីវភាពប្រចាំថ្ងៃ ដោយស្រះទឹកតិចតួចមិនទាន់ឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាជននៅឡើយនោះទេ ។

ប្រជាពលរដ្ឋប្រាប់ទៀតថា នៅរដូវប្រាំងឆ្នាំនេះ អាកាសធាតុក្តៅខ្លាំង ទឹកស្រះសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរងការរីងស្ងួត ។ ការដាច់ទឹកមានរយៈពេល១ខែមកហើយ ។ ប្រជាជនបាននាំគ្នាទៅដឹកទឹកតាមគោយន្ត នៅចំណុចទឹកស្រះ ទឹកស្ទឹង នៅតាមភូមិជិតខាង យកមកប្រើប្រាស់ប្រចាំថ្ងៃ ។

សូមរំលឹកថា ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅថ្មីៗនេះផងដែរ ស្រុក ក្រុង ចំនួន៥បានជួបនៅគ្រោះធម្មជាតិខ្យល់កន្រ្តាក់បង្កឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋ និង សាលារៀន សរុប៣២ខ្នង ។ ខ្យល់កន្រ្តាក់នោះ ក៏លាយឡំ និងភ្លៀងធ្លាក់មួយមេយ៉ាងធំ សម្រាប់ផ្តល់ទឹកជូនប្រជាពលរដ្ឋដែលនៅតាមតំបន់មួយចំនួនកំពុងប្រឈមដាច់ទឹកប្រើប្រាស់នោះ ៕ សំ វិច្ឆិកា


ចែករំលែក៖