ព័ត៌មានទាន់ហេតុការណ៍៖

ខឹងចៅសុំលុយ២ម៉ឺនរៀល យាយចាក់សាំងដុតខោអាវ រាលដាលឆេះផ្ទះ បណ្តាលឲ្យស្លាប់ និងរបួសចៅ២នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ជម្លោះសុំលុយ២ម៉ឺនរៀលផ្តើមឲ្យកើតមានអគ្គិភ័យ រាលដាលឆាបឆេះផ្ទះអ្នកដទៃ រហូតមានអ្នកស្លាប់និងរងរបួស ដោយសារតែជម្លោះយាយនឹងចៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៥និង១៦នាទី ស្ថិតនៅភូមិខ្ទួយ៤ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ចៅបង្កើតរបស់ជនរងគ្រោះបានបំភ្លឺនៅចំពោះសមត្ថកិច្ចថា នៅមុនពេលកើតហេតុ ឈ្មោះ ផល សុធា (ជាចៅ) បានឈ្លោះប្រកែកជាមួយឈ្មោះ សែម ប៉ុក (ជាជីដូន) ដោយសារខ្លួនសុំលុយចំនួន២ម៉ឺនរៀន ដើម្បីធ្វើសាហ៊ុយ ទៅនៅជាមួយឈ្មោះអង្ការ (មានផ្ទុកមេរោគអេដ៍ឆ្លងពីឪពុកម្តាយ) តែពេលនោះជីដូនមិនឲ្យទៅ ក៏យកប្រេង សាំងចំនួន២លីត្រចាក់លើខោអាវចៅហើយយកដែកកេះមកកាន់ ស្របពេលដែលគាត់បានបើកចង្រ្កានហ្គាសកំដៅសំឡបានបង្កឲ្យភ្លើងឆាបឆេះពេញផ្ទះ ។ ខណៈនោះខ្លួន ឈ្មោះ ផល សុធា បានស្ទុះរត់ចេញហៅឲ្យគេជួយ ក៏បណ្តាលឲ្យរងរបួសជើងទាំងសងខាង ចំណែកលោកយាយ សែម ប៉ុក បានស្លាប់ក្នុងភ្លើងឆេះ ។

នគរបាលឲ្យដឹងថា ជនរងគ្រោះ (ស្លាប់) ឈ្មោះ សែម ប៉ុក ភេទស្រី អាយុ៦៧ឆ្នាំ ជាតិខ្មែរ ជាកម្មករដាំដុះរបស់ ក្រុមហ៊ុនឡុងស្រេងចម្ការកៅស៊ូបឹងកេត និង ឈ្មោះ ផល សុធា (ត្រូវជាចៅ) អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ។ នគរ បាលឲ្យដឹងទៀតថា ករណីនេះបានបណ្តាលឲ្យភ្លើងឆេះរាលដាលដល់ផ្ទះកម្មករ១ខ្នង ទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ ដែលនៅក្បែរផ្ទះកើតហេតុ ។

លោក ប៉ាង ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ឲ្យដឹងថា ក្រោយពីបានទទួលពត៌មានភ្លាម លោកបានបញ្ជាកម្លាំងជំនាញចុះទៅកាន់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការចម្រុះធ្វើការពិនិត្យសពសមាសភាពចូលរួមមាន៖ លោកអនុសេនីយ៍ឯក ជា គឹមឈាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ , លោកយឿង ស៊ាជំទប់ទី២ ឃុំអូរម្លូ , លោក ស៊ូ សុភក្រ្តា បុគ្គលិកមណ្ឌល់សុខភាពឃុំអូរម្លូ , លោកអនុសេនីយ៍ឯក ឃ្លោក ផល្លី នាយប៉ុស្តិ៍ ការពារ ចម្ការកៅស៊ូបឹងកេត ,លោកឡៅ តុង មេភូមិខ្ទួយ៤ ,ឈ្មោះញ៉ាន ដៀប កូនបង្កើតរបស់សាកសព ,លោក សេត សាលី មេភូមិអាជីវកម្មទទួលបន្ទុកភូមិខ្ទួយ៤ ។

ក្រុមគណៈកម្មករចម្រុះពិនិត្យនឹងស្រាវជ្រាវសន្និដ្ឋានថា ឈ្មោះ សែម ប៉ុក បានស្លាប់ដោយសារឆេះភ្លើងខ្លួនឯង ប្រាកដមែន គឺពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ខណៈសពបានស្លាប់នៅក្នុងផ្ទះ ដោយភ្លើងឆេះខ្លោច ពិបាកពិនិត្យនិងតាមការបំភ្លឺរបស់ឈ្មោះផល សុធាភេទ ប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ ត្រូវជាចៅបង្កើត របស់សព។

ក្រោយពីពិនិត្យរួចរាល់ហើយសមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ


ចែករំលែក៖