ទាំងឥណ្ឌា និងប៉ាគីស្ថាន បានបង្កើន អាវុធនៅតាមព្រំដែន កាន់តែច្រើនទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្មានភាគីណាមួយព្រមបន្ធូបន្ថយនោះឡើយ ។ ឥណ្ឌាមានអាមេរិកនៅពីក្រោយខ្នង ចំណែកប៉ាគីស្ថានវិញ មានចិននៅពីក្រោយ ។
អាវុធប៉ាគីស្ថានភាគច្រើនបានទិញពីប្រទេសចិន ហើយនៅពេលនេះ ចិនក៏បានបន្តលក់យន្តហោះគ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយ ដល់ប៉ាគីស្ថាន ដោយយន្តហោះនោះអាចវាយប្រហារកម្ទេចគោលដៅរបស់សត្រូ វ។
គេហទំព័រ Zee News កាលពីថ្ងៃទី២០ ខែមីនា បានផ្សាយថា ចិនបានសម្រេចលក់យន្តហោះគ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយដ៏ទំនើបឲ្យប៉ាគីស្ថាន ។
គេហទំព័រខាងលើបានដកស្រង់របាយការណ៍ចារកិច្ចឲ្យដឹងថា ប៉ាគីស្ថានបានសម្រេចទិញយន្តហោះគ្មានមនុស្សបើកប្រភេទ Rainbow CH-4 និង CH-5 របស់ចិន ក្រោយមានការប្រឈមមុខតានតឹងដាក់គ្នានៅតំបន់ព្រំដែន តំបន់កាស្មៀរ។
យន្តហោះគ្មានមនុស្សបើក Rainbow CH-4 អាចបំពាក់គ្រាប់រំសេវ មានទម្ងន់ដល់ទៅ៤០០គី ឡូក្រាម ដោយអាចហោះហើរក្នុងរយៈពេល ៤០ម៉ោង ក្នុងចម្ងាយ ៥ពាន់គីឡូម៉ែត្រ ។ ចំណែកយន្តហោះ CH-5 អាចបំផ្ទុករំសេវទម្ងន់ ១ពាន់គីឡូក្រាម ដោយហោះហើរបាន៦០ម៉ោង ។
រដ្ឋាភិបាលទីក្រុង អិស្លាមម៉ាបាត មានបំណងចង់បង្កើនយន្តហោះគ្មានមនុស្សបើក នៅក្នុងតំបន់កាស្មៀរដើម្បីតាមដានរាល់សកម្មភាព នៅព្រំដែន ក្រោយពេលប្រទេសទាំងពីរ ប្រឈមមុខតានដោយយោធាជាមួយឥណ្ឌា ៕