ភ្នំពេញ៖ ដើម្បីធានាបានលើកការងារគ្រប់គ្រងជនបរទេស អន្តោប្រវេសន៍ចូលមកស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជាឲ្យមានប្រសិទ្ធភាព កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការជាបន្តបន្ទាប់ចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍នៅទូទាំងប្រទេស អ្វីដែលជាការកត់សម្គាល់តាមរយៈលទ្ធផលដែលក្រុមការងារអន្តោប្រវេសន៍បើកប្រតិបត្តិការកន្លងមក រកឃើញជនអន្តោប្រវេសន៍បរទេសខុសច្បាប់ច្រើនជាងគេ គឺជនជាតិវៀតណាម ។
ថ្មីៗនេះ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលពីលោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងផ្ទះជួល និងហាងកាហ្វេ ស្ថិតនៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជាលទ្ធផលកម្លាំងចម្រុះបានឃាត់ខ្លួនជនជាតិវៀតណាម១០នាក់ ស្រីម្នាក់ ដែលចូលមកស្នាក់នៅរកស៊ី និងធ្វើការខុសច្បាប់ ពោលគឺគ្មានឯកសារត្រឹមត្រូវតាមនីតិវិធី ដែលមានចែងនៅក្នុងច្បាប់អន្តោប្រវេសន៍ ។
លោកគឹម រតនា អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារអន្តោប្រវេសន៍បានឲ្យដឹងថា បន្ទាប់ពីរកឃើញថា ជនជាតិវៀតណាមទាំង១០នាក់ចូលមកធ្វើការរកស៊ី និងស្នាក់នៅខុសច្បាប់រួចមក បច្ចុប្បន្នជនបរទេសអន្តោប្រវេសន៍ទាំង១០នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញបែបបទបញ្ជូនទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំការសម្រេចជាចុងក្រោយបញ្ជូនខ្លួនទៅកាន់ប្រទេសដើមវិញ ៕ សណ្តោស