ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ បានមានប្រសាសន៍ អំពីមោទនភាព និងការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ដែលមានការចូលរួមយ៉ាងសកម្មពីគ្រឹះស្ថានអប់រំឯកជន

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិតិ្តយសចែកសញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកមិញថ្ងៃទី ២៥ មីនា ២០១៩ នេះ សម្តេចតេជោ បានមានប្រសាសន៍អំពីមោទនភាព និងការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ដែលមានការចូលរួមយ៉ាងសកម្មពីគ្រឹះស្ថានអប់រំឯកជន ក្នុងនោះរួមទាំង សាកលវិទ្យាល័យ PPIU ដែលបានឈជើងបណ្តុះបណ្តាលធនធានមនុស្សជាច្រើនក្នុងការរួមចំណែកកសាងប្រទេសជាតិ។ គឺផ្ទុយស្រឡះពីជំនាន់ប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) ដែលពួកគេបានសម្លាប់អ្នកចេះដឹងស្ទើររលាយអស់ទាំងស្រុង។

ក្រោយពេលរំដោះប្រទេសបាននៅឆ្នាំ ១៩៧៩ គឺរដ្ឋាភិបាលកម្ពុជាពេលនោះបានដាក់ចេញនូវយុទ្ឋសាស្រ្ត “អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ”។ បន្ទាប់មកសម្តេចតេជោ បានខិតខំកសាងសាលារៀនដាក់ពង្រាយនៅទូទាំងប្រទេស បានស្តារ និងកសាងធនធានមនុស្សឡើងវិញរហូតមានការរីកលូតលាស់ដល់កម្រិតសព្វថ្ងៃនេះ។ បើគ្មានធនធានមនុស្សទេ គឺមិនអាចធ្វើអ្វីបានឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា ទន្ទឹមនឹងមានសញ្ញាបត្រហើយ គឺត្រូវមានសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ប្រកបដោយគុណវឌ្ឍន៍ គុណសម្បត្តិ និងសមត្ថភាពពិតប្រាកដ។ ហើយចំពោះនិស្សិតជាជនពិការ គឺត្រូវងើបឈរឡើង ប្រឹងប្រែងដោយខ្លួនឯង ហើយត្រូវខិតខំរៀនបន្តទៀត។ យើងពិការតែរាងកាយទេ ប៉ុន្តែចិត្តគំនិតបេះដូងយើង គឺមិនពិការឡើយ។

យើងទាំងអស់គ្នា ត្រូវរួមដំណើរជាមួយគ្នា រួមគ្នាកសាងអនាគត ដើម្បីខ្លួនយើងផង និងដើម្បីប្រទេសជាតិយើងផង៕


ចែករំលែក៖