ខេត្តឧត្តរមានជ័យ៖ ក្រោយពីមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្ដាក់ ចំនួនពីរថ្ងៃជាប់គ្នាបណ្ដាលឲ្យ ផ្ទះប្រជាពលរដ្ឋ៥០ ខ្នងបានរងការខូចខាត ។
ហេតុការណ៍បានកើតឡើងកាលពីល្ងាចថ្ងៃទី ២២ ទី២៣ ខែមីនា ឆ្នាំ២០១៩ ក្នុងស្រុកចំនួន២ គឺស្រុក បន្ទាយអំពិល និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។
លោក អិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ អាកាសធាតុ មេឃភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់លើភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ បានបក់បោកបណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋអស់ចំនួន១១ខ្នងផ្ទះ ។
ក្នុងនោះមានមួយខ្នង ត្រូវបានរងការ ដូលរលំខូចខាតទាំងស្រុង ។
លោក ឃុន ភិន អធិការស្រុកបន្ទាយអំពិលបានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋនៅក្នុងស្រុកបន្ទាយអំពិលលើ ឃុំចំនួនបី សរុបចំនួន៣៥ខ្នងផ្ទះ ។ រួមមាន៖ ឃុំគោកមនចំនួន៥ខ្នងផ្ទះ ។ ឃុំបេងចំនួន១៨ខ្នងនិងឃុំអំពិលចំនួន១៣ខ្នងផ្ទះ ។
ក្នុងនោះផ្ទះធ្លាក់ពីជើងតាងរបើកដំបូលផ្ទះ របើកសំយាបផ្ទះ របើកជញ្ជាំងផ្ទះនិងខូចខាតដំបូលសាលារៀនផងដែរ ។
គួររំលឹកថា ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី២១ ខែមីនា បានជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុថា សម្ពាធទាបរុញមកពីភាគខាងលិច និងនិរតីជួបប្រសព្វនឹងសម្ពាធខ្ពស់នៅតំបន់ខ្ពង់រាបភាគខាងជើងរបស់កម្ពុជាបង្កឲ្យមានភ្លៀងកក់ខែ ។
ក្នុងរង្វង់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា នៅលើខេត្តព្រៃវែង ស្វាយរៀងត្បូង ឃ្មុំកំពង់ចាម កណ្តាលកំពង់ស្ពឺតាកែវកំពង់ធំកំពង់ឆ្នាំងពោធិ៍សាត់ និងរាជធានីភ្នំពេញ និងអំឡុងពីថ្ងៃទី២៣ ដល់២៥ខែមីនា អាចនឹងមានភ្លៀងធ្លាក់នៅខេត្តសៀមរាប បាត់ដំបង ប៉ៃលិនបន្ទាយមានជយ័ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ៕ ប៉ែននួន