ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាក់ស្ដែងពីបទលួច (លួចម៉ូតូ) កាលពីម៉ោង ៦ល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ១៧៩ ផ្លូវលេខមុនីរ៉េត (២១៧) ក្រុម ទី៤៩ ភូមិ១៦ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបសនឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សុខ ខា ហៅ ខា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងទី២-ឈ្មោះ ចាន់ វីត ហៅ វីត អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានស្រុកកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ស្រេង គន្ធី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ តែងសំអាងការ ស្នាក់នៅផ្ទះលេខ១៧៩ ផ្លូវលេខ២១៧ ក្រុមទី៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងថកហូតរួមមាន ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2018 ពណ៌ទឹកក្រូចលាយស ពាក់ស្លាក លេខ ភ្នំពេញ 1HH-6717 មានលេខតួ៖ 343735 និងលេខម៉ាស៊ីន៖ 343699 (ជាម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យលួច ) ដែកសំប៉ែតសម្រាប់កាច់កម៉ូតូចំនួន០១, សោខ្សៀរលេខ ០៨ចំនួន០១, ដង្កាប់ចំនួន០២, សោចិញ្ចៀនលេខ១០ ចំនួន០១, ទុយណឺវ៉ីសចំនួន០២, កូនសោម៉ូតូចំនួន០១ ចាប់យកពីឈ្មោះ សុខ ខា និងម៉ូតូម៉ួយគ្រឿងម៉ាក Suzuki Nex ស៊េរី2015 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HF-9625 ដែលមានលេខតួ និងលេខម៉ាស៊ីន៖ 300696 ជាម៉ូតូរបស់ជនសង្ស័យ ជិះធ្វើសកម្មភាព) ចាប់ពីឈ្មោះ ចាន់ វីត។

បច្ចុប្បន្ន ម៉ូតូរបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់វិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកជនសង្ស័យទាំងពីរ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖