ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលដកសិទ្ធិធ្វើអាជីវកម្មផ្លូវដែក ពីអ្នកឧកញ៉ា គិត ម៉េង យកមកគ្រប់គ្រងវិញ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះបានថ្លែងថា រាជរដ្ឋាភិបាលសម្រេចបញ្ចប់ការធ្វើអាជីវកម្មលើផ្លូវដែករបស់ក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង ដោយឲ្យ ក្រសួងសាធារណការនិងដឹកជញ្ជូនជាអ្នកគ្រប់គ្រងបណ្តោះអាសន្នរង់ចាំរកក្រុមហ៊ុនថ្មីមកវិនិយោគធ្វើឲ្យផ្លូវដែកកាន់តែប្រសើរ ។

សម្តេចតេជោប្រមុខរាជរដ្ឋាកម្ពុជាបានថ្លែងថា ការសម្រេចបញ្ចប់ការធ្វើអាជីវ កម្មនេះ មិនមែនជាកំហុសរបស់ឧកញ៉ា គិត ម៉េង នោះទេ តែជាការរកវិធីធ្វើឲ្យប្រសើរលើផ្លូវដែករបស់កម្ពុជា ហើយក៏ជួយសម្រួលបន្ទុករបស់អ្នកឧកញ៉ា គិត ម៉េង ផងដែរ បន្ទាប់ពីក្រុមហ៊ុនវិនិយោគដែលជាដៃគូ គឺក្រុមហ៊ុន Toll Railway ដកខ្លួនចេញពី កម្ពុជាក្នុងគម្រោងផ្លូវដែកនេះ ។

សម្តេចតេជោក៏បានប្រកាសឲ្យមានការដេញថ្លៃវិនិយោគលើផ្លូវរថភ្លើងជាថ្មី គឺបើកចំហឲ្យគ្រប់ក្រុមហ៊ុនចូលរួមដេញថ្លៃមិនមែនចងមុងដេញថ្លៃដូចមុនទៀតទេនិង ជំរុញឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ប្រជុំជាមួយក្រុមហ៊ុន Royal Railway ដើម្បីដោះស្រាយសំណងផលប៉ះពាល់ជូនដល់អ្នកឧកញ៉ា គិត ម៉េង ផងដែរ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើនៅ វិមានសន្តិភាពកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាង ដូច្នេះថា «ដើម្បីទទួលបានជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធផ្លូវដែករបស់យើងរាជ រដ្ឋាភិបាលសម្រេចបញ្ចប់ការធ្វើអាជីវកម្ម របស់ក្រុមហ៊ុន Royal Railway Cambodia ក្នុងប្រតិបត្តិការផ្លូវដែក។ រាជរដ្ឋាភិបាល សម្រេចប្រគល់ការគ្រប់គ្រងផ្លូវដែកទៅឲ្យក្រសួងសាធារណការនិងដឹកញ្ជូនជា បណ្តោះអាសន្ន ដើម្បីរៀបចំនីតិវិធីគ្រប់ គ្រងដំណើរការឡើងវិញ មុននឹងឈាន ដាក់ឲ្យដេញថ្លៃជាសាធារណៈជ្រើសរើសក្រុមហ៊ុនដែលមានសមត្ថភាពនិងបទ ពិសោធន៍គ្រប់គ្រាន់ មកសហការជាមួយ រាជរដ្ឋាភិបាលសំដៅធ្វើឲ្យប្រព័ន្ធផ្លូវដែក កម្ពុជា ប្រកបដោយស្តង់ដារអន្តរជាតិមានលក្ខណៈទំនើបជឿនលឿនក្នុងការដឹក ជញ្ជូនទំនិញអ្នកដំណើរប្រកបដោយការជឿជាក់»។

សម្តេចតេជោបានថ្លែងទៀតថា «ខ្ញុំសុំបញ្ជាក់បន្តិចដើម្បីជៀសវាងការភាន់ច្រឡំ ណាមួយទៅលើឧកញ៉ា គិត ម៉េង ។ រឿង នេះវាដូច្នេះ អ្វីដែល ហ៊ុន សែន សង្ស័យគឺ វាកើតឡើងពិតមែន ខ្ញុំឃើញផ្លូវវាមិន ទៅមុខ។ ពីមុនទោះមានការដាច់ក្តី ដោយ ប៉ុល ពត ក្តីក៏នៅដំណើរការ ប៉ុន្តែដល់ប្រទេសសន្តិភាពបែរជាដំណើរការអត់បាន។ ខ្ញុំសួរថា មូលហេតុអី? គ្រាន់តែចរចាចាប់ ផ្តើមហើយយើងទទួលចេញខាងក្នុង១ឆ្នាំ ២លានដុល្លារស្រេចទៅហើយគ្មាននរណាគេរកស៊ីអ៊ីចឹងទេ។ លុបកុងត្រាចោលហើយសងលុយទៅធនាគារអភិវឌ្ឍន៍អាស៊ីវិញ»។

ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅឯកអគ្គរដ្ឋទូតចិន វៀតណាម និងជប៉ុន ជួយផ្តល់ក្បាលម៉ាស៊ីន រថភ្លើងនិងទូរថភ្លើងទោះចាស់ក្តីដល់កម្ពុជា ដើម្បីអាចដាក់ដំណើរការ និងអភិវឌ្ឍន៍ផ្លូវដែករបស់កម្ពុជា។ ខណៈនាយករដ្ឋមន្ត្រីថៃ បានផ្តល់ក្បាលរថភ្លើងឲ្យកម្ពុជាយកមកប្រើប្រាស់ផងដែរ ដើម្បីដាក់ដំណើរការ សម្រាប់ដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ភ្ជាប់ផ្លូវដែកនៃប្រទេសទាំង២ កម្ពុជា-ថៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង កោតសរសើរនូវវីរភាពរបស់សម្តេចព្រះ បរមរតនកោដ្ឋនាទសវត្សរ៍៨០និងដើមទសវត្ស៍៩០ដែលមានដំណើរការរថភ្លើងយ៉ាងល្អ បើទោះបីសម័យនោះមិនទាន់មានសន្តិភាពពេលលេញក៏ដោយ ។ ប៉ុន្តែកម្ពុជា បច្ចុប្បន្នមានសន្តិភាពពេញលេញហើយ តែផ្លូវរថភ្លើងមិនទាន់ដំណើរការល្អទៀត ដូច្នេះទាមទារឲ្យមានការកែសម្រួលថ្មី ៕ ហេង សូរិយា


ចែករំលែក៖