ព័ត៌មានទាន់ហេតុការណ៍៖

ចេតនារបស់អាមេរិក នៅវេណេហ្ស៊ុយអេឡា ត្រូវបានទប់ស្កាត់​ ពិបាកប្រែក្លាយទៅជាស៊ីរីទីពីរ

ចែករំលែក៖

ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែតានតឹង ក្រោយពេលលោក​ Guaido ​បានប្រកាសតាំងខ្លួនជាប្រធានាធិបតី បណ្តោះអាសន្ននៅក្នុងប្រទេសនេះ​ ។ ប្រធានាធិបតី ម៉ាឌូរ៉ូ​ បានចាត់ទុកថា​ នេះជាសកម្មភាព​ប៉ុនប៉ងធ្វើរដ្ឋប្រហារ ទម្លាក់រូបលោក ដោយមានអាមេរិកនៅពីក្រោយខ្នង ។ មេដឹកនាំក្រុមប្រឆាំងបានជំរុញឲ្យកម្លាំងយោធាក្រោកឡើងប្រឆាំង របបដឹកនាំរបស់លោក ម៉ាឌូរ៉ូ ។

រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡា លោក​ Jorge Arreaza បានប្រកាសថា រដ្ឋាភិបាល របស់ប្រធានាធិបតី​ Nicolas Maduro នឹងធ្វើគ្រប់យ៉ាងដើម្បីទប់ស្កាត់វិបត្តិកើតឡើងជាទ្រង់ទ្រាយធំក្លាយជាសង្គ្រាមស៊ីវិល​ ដូចនៅក្នុងប្រទេសស៊ីរី។

កាលពីថ្ងៃទី​៤ ខែមេសា រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡា លោក​ Jorge Arreaza បានប្រកាសថា មានចំណុចដូចគ្នា នៅក្នុងវិបត្តិនយោបាយ​ ក្នុងប្រទេសរបស់លោក និងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី ។ ប៉ុន្តែរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា មិនអនុញ្ញាតឲ្យសង្គ្រាមស៊ីវិលកើតឡើងជាដាច់ខាត។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅទីក្រុង Damascus ​ នៅក្នុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី​លោក​ Jorge Arreaza​បានបញ្ជាក់ថា​ អាមេរិកមានបំណងបំផុសបំផុលឲ្យមានសង្គ្រាមស៊ីវិលកើតឡើង នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។ នៅពេលនេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីម៉ាឌូរ៉ូ នឹងបន្តស្វែងរកដំណោះស្រាយតាមរយៈកិច្ចការបរទេស។

ស្ថានភាពដែលបានកើតឡើងនៅក្នុងប្រទេសស៊ីរី គឺជាមេរៀន​សម្រាប់ វេណេហ្ស៊ុយអេឡា ទប់ស្កាត់ មិនឲ្យធ្លាក់ក្នុងគន្លងប្រទេសស៊ីរីទៀតឡើយ ។ នៅពេលនេះក្រុមប្រឆាំងនៅវេណេហ្ស៊ុយអេឡា បានព្យាយាមផ្តួលរំលំរដ្ឋាភិបាល ម៉ាឌូរ៉ូ ដោយមានការគាំទ្រពីអាមេរិក ។

នៅពេលនេះដែរ​ វេណេហ្ស៊ុយអេឡា​ មានប្រទេសជាច្រើនគាំទ្ររបបដឹកនាំរបស់ប្រធានាធិបតីម៉ាឌូរ៉ូ ពិសេស គឺរុស្ស៊ីនិងចិន ជាដើម ។​​ ចំណុចដែលខុសពីប្រទេសស៊ីរីនោះ គឺ រុស្ស៊ីបានលូកដៃ ចូលក្នុងប្រទេសនេះ បានទាន់ពេលវេលា អាចទប់ស្កាត់ចេតនាអាក្រក់របស់ប្រទេសលោកខាងលិច​។

កន្លងមកថ្មីៗ ភាគីរុស្ស៊ីក៏បានប្រកាសគាំទ្រដល់រដ្ឋាភិបាលវេណេហស្ស៊ុយអេឡា ។ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Lavrov បានបញ្ជាក់ថា ទីក្រុងមូស្កូមិនអនុញ្ញាតឲ្យវេណេហ្ស៊ុយអេឡាក្លាយទៅជា ស៊ីរីទីពីរនោះឡើយ។ ជាមួយគ្នានោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានច្រានចោល ការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោនថា បានព្យាយាម ប្រែក្លាយ «ស៊ីរីទីពីរ »នៅក្នុងទឹកដីវេណេហ្ស៊ុយអេឡា។

លោក Lavrov បញ្ជាក់ថា «មានកិច្ចព្រមព្រៀងកាលពីឆ្នាំ២០០១ ជាមួយអតីតប្រធានាធិបតី Hugo Chavez ហើយទទួលបានការអនុញ្ញាតពីសភា។ ដូច្នេះរុស្ស៊ីនឹងបញ្ជូនសម្ភារយោធា ទៅកាន់វេណេហ្ស៊ុយអេឡា តាមកិច្ចព្រមព្រៀងនោះ ។ ពេលនេះរុស្ស៊ីត្រូវតែអនុវត្តដោយបញ្ជូនក្រុមវិស្វកររបស់ខ្លួនទៅកាន់វេណេហ្ស៊ុយអេឡា»៕


ចែករំលែក៖