ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកម៉ូតូម្នាក់ឯងបត់ឆ្លងផ្លូវ ត្រូវរថយន្តតាក់ស៊ីងបុកពេញទំហឹងអូសជាប់កង់ក្រោយជាង១០០ម៉ែត្រ ទើបឈប់ភ្លាមៗនោះអ្នកបើកបររត់គេចខ្លួនមចូលក្នុងស្រះទឹក បឹងកំប្លោកក្បែរកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីម៉ោងជាង៦ព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខវត្តខ្ទរ ភូមិខ្ទរ សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា សពបុរសរងគ្រោះនៅមិនទាន់ស្គាត់អត្តសញ្ញាណ មានអាយុប្រហែជាង២០ឆ្នាំ បើកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ធំ 1H-3432 ។ រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កំពង់ធំ 2A-2384 ជារថយន្តតាក់ស៊ីកំពុងធំ ភ្នំពេញ អ្នកបើកបរឈ្មោះ តុង ដេត ភេទប្រុស អាយុ ៣៦ ឆ្នាំមានស្រុកកំណើតនៅភូមិស្ទឹងសែន ឃុំកំពង់ត្របៅ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូជនរងគ្រោះបើកម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវស្របពេលនោះ ក៏មានរថយន្តបង្កបើកបរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូងបើកបរយ៉ាងលឿន បានបុកយ៉ាងពេញទំហឹងកិនជាប់ជាប់ជនរងគ្រោះ នឹងកង់ក្រោយខាងស្តាំ អូសជាង១០០ម៉ែត្រទើបរថយន្តឈប់ភ្លាមៗនោះអ្នកបើកបររត់ចូលក្នុងស្រះ ពួនក្នុងកំប្លោកនៅក្បែរកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
បន្ទាប់ពីកើតហេតុនគរបាលមូលដ្ឋានបានចុះទៅសម្រួលចរាចរ និងទាក់ទងហៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កអ្នកបើកបរ និងម៉ូតូរងគ្រោះទៅរក្សារទុក នៅការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយ ចំណែកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ៕ ជ្រោយពេជ្រ