ខេត្តសៀមរាប៖ លោក ព្រុំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះថា កម្លាំងមន្រ្ដីនៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានចុះចាត់វិធានការយ៉ាងតឹងរឹង ទប់ស្កាត់ការឆ្លងជំងឺជ្រូកពីវៀតណាម តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន និងបន្តចុះអនុវត្តន៍វិធានការណ៍សុវត្ថិភាពតាមបណ្តាទីសត្វឃាដនានា និងតាមដងផ្លូវក្នុងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងសត្វគ្រប់ប្រភេទ និងធានាបានសុខសុវត្ថិភាពទាំងមនុស្ស និងសត្វ ហើយក្នុងនោះ ក៏ដើម្បីជំងឺប៉េស្តអាហ្រិក ASFកំពុងឆ្លងមកកម្ពុជាក្នុងខេត្តរតនគិរីជាប់ព្រំប្រទល់ និងប្រទេសវៀតណាម ។
លោក យឿន សែ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបាន បានឲ្យដឹងថា ក្រុមការងារតែងតែចុះអនុវត្តន៍ វិធានការណ៍សុវត្ថិភាពតាមបណ្តាទីសត្វឃាតនានា និងតាមដងផ្លូវក្នុងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងសត្វគ្រប់ប្រភេទ និងធានាបានសុខសុវត្ថិភាពទាំងមនុស្ស និងសត្វ ។
ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាបគឺលោក ព្រំ វិច បានឲ្យដឹងថា កម្លាំងពេទ្យសត្វខេត្តសៀមរាប ជារៀងរាល់ថ្ងៃតែងតែចុះពិនិត្យ និងបាញ់ថ្នាំការពារជាប្រចាំដើម្បីទប់ស្កាត់ជំងឺផ្សេងៗ ។ លោកបន្តថា ជំងឺប៉េស្តអាហ្រិក ASF បង្កដោយ វីរុស មិនឆ្លងមកមនុស្សទេ ។ ជំងឺនេះមិនមែនជាជំងឺថ្មីទេ វាមានជិត១០០ឆ្នាំមកហើយ ដំបូងកើតសត្វជ្រូកនៅអាហ្វ្រិក ទៅអឺរ៉ុប រុស្សី ចិន វៀតណាម និងឆ្លងមកកម្ពុជា នៅចុងខែមីនាឆ្នាំ២០១៩នេះ នៅឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ។
វិធានការតំបន់ផ្ទុះជំងឺ យោងតាមប្រកាសលេខ ១៧៣ ប្រក កសក ចុះថ្ងៃទី០២ មេសាឆ្នាំ ២០១៩ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក មន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយខេត្តចុះអនុវត្តការងារបច្ចេកទេសនៅតំបន់ផ្ទុះជំងឺ ។
សម្លាប់សត្វឈឺ សត្វងាប់ដោយជំងឺ ដុតកម្ទេចចោល ។ ហាមមិនឲ្យទិញ លក់ ពិឃាដសត្វឈឺ ។ ហាមនាំសត្វចេញ ឆ្លងកាត់តំបន់ផ្ទុះជំងឺក្នុងរង្វង់២គីឡូម៉ែត្រ ។ វិធានការបន្ត ផ្សព្វផ្សាយដល់អ្នកចិញ្ចឹមជ្រូក ហាមនាំកាកសំណល់ផ្ទះបាយមកធ្វើជាចំណីជ្រូក ហាមនាំសាច់ជ្រូកពីកន្លែងផ្សេងមកហូបកន្លែងកសិដ្ឋានជ្រូក ។
ការពារសត្វជាកត្តាចង្រៃ ចេញចូលកសិដ្ឋាន ។ មិនឲ្យមនុស្សក្រៅចូល ឬ ទស្សនកិច្ចសិក្សា ។ យកឧបករណ៍ ឬរបស់របរប្រើប្រាស់ផ្ទាល់ចូលក្នុងកសិដ្ឋាន ។ ហាមមធ្យោបាយដឹកជញ្ជូនចូលក្នុងកសិដ្ឋាន ហាមយកសត្វថ្មីចូលក្នុងកសិដ្ឋាន ហាមយកទឹកខាងក្រៅ/សាធារណៈប្រើប្រាស់ក្នុងកសិដ្ឋាន ហាមលក់ ឬនាំសត្វឈឺចេញពីកសិដ្ឋាន អ្នកថែទាំជ្រូកចេញ ចូលកសិដ្ឋានត្រូវឆ្លងកាត់កន្លែងសម្លាប់មេរោគ ។
វិធានការតំបន់គ្មានជំងឺ បែងចែកមន្ត្រីបច្ចេកទេសប្រចាំការតាមស្រុកគោលដៅ ។ ចុះផ្សព្វផ្សាយដល់អ្នកចិញ្ចឹមជ្រូកពីវិធានសុវត្ថិភាព ចុះតាមដានសុខភាពជ្រូក បើសង្ស័យយកវត្ថុវិភាគទៅមន្ទីរពិសោធន៍ ពង្រឹងចរាចរសត្វ ឲ្យមានច្បាប់ត្រឹមត្រូវ ដាក់កម្លាំងបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូន តាមដងផ្លូវ និងសត្តឃាដដ្ឋាន ណែនាំដល់អាជីវករមិនឲ្យ ទិញ លក់សត្វសាច់សត្វ ឈឺ ឬងាប់ដោយជំងឺ និងរាយការណ៍ជាបន្ទាន់ក្នុងករណីដឹងថា សត្វឈឺ ឬ ងាប់ដោយជំងឺ ។ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងភ្នាក់ងារសុខភាពសត្វភូមិ ។
បើតាមការព្យាយាមការពារយ៉ាងម៉ឺងម៉ាត់របស់ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលកំពុងមានវិធានការទប់ស្កាត់ និងបានចុះសំអាតទីតាំងសត្វឃាដដ្ឋានជាប្រចាំ នោះគេរំពឹងថា នឹងអាចទប់ស្កាត់ជំងឺផ្សេងៗបានដោយជោគជ័យ ដើម្បីធ្វើឲ្យពលរដ្ឋគ្មានការព្រួយបារម្ភតទៅទៀត និងជាពិសេសជាមុខមាត់នៃខេត្តសៀមរាប ៕ ប៊ុនរិទ្ធី