ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះស្រុកភ្នំក្រវាញបើកយុទ្ធនាការបង្រ្កាបបទល្មើសធនធាន ធម្មជាតិ (ព្រៃឈើ) ១ជ្រុងតូចប៉ុណ្ណោះនៃស្រុកភ្នំក្រវាញ កម្លាំងប្រមូល និងរិបអូសចាប់យកវត្ថុតាងជាក់ស្ដែង ប្រភេទឈើអារចម្រុះយ៉ាងច្រើនសន្ធឹកសន្ធប់ ។
ប្រតិបត្តិការយុទ្ធនាការបង្រ្កាបបទល្មើសព្រៃឈើខាងលើ ធ្វើឡើងតាំងពីថ្ងៃទី៦រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នេះ នៅតំបន់ក្បែងៗផ្លូវគម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់លេខ៣ ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បញ្ជាក់តំបន់ខាងលើ (ក្នុងដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន) ។
ប្រភពព័ត៌មានពីកម្លាំងចុះបត្តិ្របត្តិការបង្ហើបថា រយៈពេលប៉ុន្មានថ្ងៃនាយុទ្ធនាការបង្រ្កាបខាងលើ កម្លាំងប្រមូល និងរិបអូសចាប់យកវត្ថុតាងឈើអារចំនួន ៦កន្លែង ស្មើនឹងចំនួន ១៥រថយន្តធំៗ ហើយវត្ថុតាងទាំងនោះប្រភេទឈើអារចម្រុះមានលេខ១ លេខ២ លេខ៣ និងប្រភេទឈើក្រៅលំដាប់ថ្នាក់ផងដែរ ។
ប្រភពខាងលើបង្ហើបបន្តទៀតថា វត្ថុតាងឈើអារចម្រុះទាំងចំនួន ១៥រថយន្តធំៗនោះ មិនទាន់ចប់នៅឡើយនោះទេ ព្រោះពុំទាន់បានវាស់វែងអំពីចំនួនម៉ែត្រត្រីគុណ ហើយបានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រង់ចាំទទួលបទបញ្ជារបស់ថ្នាក់លើ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋស្រុកភ្នំក្រវាញដដែលលើកឡើងស្រឌៀងៗគ្នាថា ការបង្រ្កាប និងចាប់យកវត្ថុតាងជាក់ស្ដែងយ៉ាងច្រើនសន្ធឹកសន្ធាប់ខាងលើ គ្រាន់ជាមួយជ្រុងតិចប៉ុណ្ណោះនៃស្រុកភ្នំក្រវាញ ដូចជាចំណុចភូមិរវៀង ភូមិអង្រ្គង ភូមិតាដេះ ឃុំសំរោង ភូមិវាល ឃុំរកាត ភូមិក្សេត្របុរី ឃុំសន្រ្ទែ មិនទាន់ដឹងបើកយុទ្ធនាការដែរ ឬយ៉ាងណានូវឡើយនោះទេ ៕ ប៉ឹម ពិន