ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានទាំងយប់ ខណៈដែលមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះសំណាក់ “គឹម លី” និងមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ពន្លត់ជាច្រើនម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បានដោយការឆេះនេះ សមត្ថកិច្ចបានអះអាងជាបឋមថា ឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ គឹម លី ស្ថិតក្នុងភូមិ បាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិត បានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ និងបានប្រើប្រាស់រថយន្តបាញ់ពន្លត់អគ្គិភ័យអស់ចំនួន៤គ្រឿង របស់នគរបាលក្រុង និងអាវុធហត្ថក្រុងនាំគ្នាបាញ់ពន្លត់អស់ជាច្រើនម៉ោង ទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុង ។
ប្រភពបន្តថាការឆាបឆេះខាងលើនេះ គឺបឋមបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពីដំបូលផ្នែកខាងលើទើបបង្កការភ្ញាក់ផ្អើលតែម្ដង ប៉ុន្តែអគ្គិភ័យនេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ចំណែកទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅមិនទាន់សរុបអស់ទឹកប្រាក់ប៉ុន្មាននោះដែរ ។
ប្រភពបន្តថា នាពេលកន្លងមក អាជ្ញាធរខេត្តក៏ធ្លាប់បានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះអគ្គិភ័យ ដែលបណ្តាលមកពីភ្លើងទៀន ភ្លើងអគ្គិសនី ភ្លើងចង្ក្រាន ផងដែរ៕ យឹម សុថាន