ភ្នំពេញ៖ ដោយសារតែសារធាតុញៀនបានធ្វើឲ្យបុរសម្នាក់ លែងស្គាល់ប្រពន្ធរហូតបែកគំនិតយកកាំបិតចិតបន្លែគំរាមអារ.កសម្លាប់ និងយកដែកបំពង់ទីបមូលវ៉ៃ ទៅលើរាងកាយប្រពន្ធជាច្រើនកន្លែង ចំផ្ទៃមុខ ដងខ្លួន ដៃជើង ដាច់ជាំគ្រប់កន្លែង ព្រោះតែខ្លួនចង់បានលុយ ដើម្បីទិញថ្នាំញៀនជក់ ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថៃ្ងព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ នៅ ចរិយា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ និងជនរងគ្រោះ ត្រូវជាប្រពន្ធ ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិសង្កាត់កើតហេតុ ។វត្ថុតាងដែលចាប់យករួមមាន៖ ដែកទីបមូលប្រវែង ៣៣ សង់ទីម៉ែត្រមួយដើម និងកូនកាំបិតចិតបន្លែមួយ ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី ដោយជនរងគ្រោះ កំពុងតែនៅផ្ទះ ស្ថិតនៅភូមិសង្កាត់កើតហេតុ ពេលនោះជនសង្ស័យ បានសួររកលុយពីជនរងគ្រោះ ហើយជនរងគ្រោះក៏បានឆ្លើយថា មានពីរម៉ឺនរៀល តែជនសង្ស័យបានតបវិញថា ឃើញមានចំនួនដប់ម៉ឺនរៀល ជនសង្ស័យនៅតែសួរជីកឬសជីកគល់រកលុយ។ រហូតដល់វេលាម៉ោង ១១និង២០នាទីថ្ងៃដដែល បានយកកូនកាំបិតចិតបន្លែតូច មកគំរាមអារ.កសម្លាប់ជនរងគ្រោះ រួចយកដែកទីបមូលវ៉ៃ ទៅលើរាងកាយជនរងគ្រោះជាច្រើនកន្លែង ចំផ្ទៃមុខ ដងខ្លួន ដៃជើង ដាច់ជាំគ្រប់កន្លែង ពេលនោះក៏មានបងប្អូនខាងជនសង្ស័យ ចូលមកជួយឃាត់ ។
លុះវេលាម៉ោង ០៧និង០០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្រាប់តែមានប្រជាពលរដ្ឋជិតខាងរាយការណ៍ជូន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង បានចុះទៅជួយធ្វើអន្តរាគមន៍ ប៉ុន្តែពេលទៅដល់ផ្ទះកើតហេតុ ជនសង្ស័យបានបិទទ្វារផ្ទះពីខាងក្នុង មិនព្រមបើកឲ្យសមត្ថកិច្ចចូល រហូតដល់វេលាម៉ោង ០៨និង០០នាទី ទើបសមត្ថកិច្ចបើកទ្វារផ្ទះចូលបាន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីចាត់តាមនីតិវិធីច្បាប់។
ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេត្រូវការយកលុយ ទៅទិញគ្រឿងញៀន ហើយពិតជាបានប្រើហិង្សា ទៅលើជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ