ព្រៃវែង៖បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំខ្មែរ ភ្លាម ស្រាប់តែមានការចោទប្រកាន់ថា លោកឧត្ដមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង កិបកេងប្រាក់ឧបត្ថម្ភកងកម្លាំងទៅវិញ ។
ប៉ុន្តែ បញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចេញលិខិតបដិសេធ និង ដាក់ពាក្យប្តឹងចំពោះបុគ្គលដែលធ្វើការចោទប្រកាន់នេះ ។
គណនីហ្វេសប៊ុកឈ្មោះ Man Yata តាមរាយការណ៍ជូនលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និង ជាអនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ថា “ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោក ស សុខា រួមទាំងរដ្ឋបាលខេត្តព្រៃវែង បានបង្កើតកម្មវិធីសង្រ្កាន្តព្រៃវែង ដែលមានប្រជាពលរដ្ឋចូលរួមសប្បាយយ៉ាងច្រើនកុះករក្រោមដំបូលសន្តិភាពហើយកងកម្លាំងនគរបាលខេត្តព្រៃវែងទាំងអស់បានចូលរួមក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់មិនថាយប់ឬថ្ងៃក្តៅរងា”។
គណនីហ្វេសប៊ុករូបនេះ បន្តចោទប្រកាន់ថា”តែអកុសលរបបឧបត្ថម្ភរបស់លោក ស សុខា សម្រាប់កងកម្លាំងម្នាក់ៗចំនួន១០ម៉ឺនរៀល មិនគួរលោកស្នងការ ព្រុំ សន្ធរ កិបកេងបេីកឱ្យកងកម្លាំងបានតែ៤ម៉ឺនរៀល ខ្លះបាន៥ម៉ឺនរៀល ។ ជាក់ស្តែងតាមផែនការនីមួយៗកងកម្លាំងទាំងអស់មានការអន់ចិត្តយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំរូបនេះ ដែលទេីបមកកាន់តំណែងថ្មី គួរតែខិតខំបង្កេីនស្នាដៃមិនគួរសម្បីតែថវិកាតិចតួចរបស់កងកម្លាំងក៏កិបកេងដែរ”។
ពាក់ព័ន្ធបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បានចេញលិខិតបដិសេធមួយ ដោយបញ្ជាក់ថា ការចោទប្រកាន់នេះ មានចេតនាបង្កការញុះញង់ បំបែកបំបាក់ រវាងថ្នាក់ដឹកនាំនិងមន្ត្រីនគរបាល នៅក្នុងអង្គភាពនិងបង្ខូចកេរ្ដិ៍ឈ្មោះ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នឹងដាក់ពាក្យបណ្ដឹងទៅលេីគណនីហ្វេសប៊ុក Man Yata តាមផ្លូវច្បាប់ ៕
ដោយ៖ ចេស្តា