ព័ត៌មានទាន់ហេតុការណ៍៖

កូនអុករបស់អាមេរិក នឹងមិនបោះបង់ចោលឡើយ បើមិនបានគ្រប់គ្រង វេណេហ្ស៊ុយអេឡា

ចែករំលែក៖

មេបក្សប្រឆាំងវេណេហ្ស៊ុយអេឡា លោក​ Juan Guaido ដែលបានតាំងខ្លួនជាប្រធានាធិបតី ហើយទទួលបានការគាំទ្រខ្លាំងពីអាមេរិក និងបណ្តាប្រទេសលោកខាងលិច នៅពេលនេះ បានខិតខំ ធ្វើសកម្មភាពដើម្បីទម្លាក់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ។

នៅពេលនេះដែរ ប្រធានាធិបតីស្របច្បាប់ កើតឡើងដោយការបោះឆ្នោត លោក ​នីកូឡាស ម៉ាឌូរ៉ូ បានចាត់ទុកមេដឹកនាំក្រុមប្រឆាំង គឺជា “អាយ៉ង” ត្រូវអាមេរិកប្រើប្រាស់ដើម្បីធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលដែលមិនធ្វើតាមអាមេរិក ។ ជាមួយគ្នានេះ លោកម៉ាឌូរ៉ូ​ក៏បានចោទប្រកាន់អាមេរិក បង្កើតសង្គ្រាមសេដ្ឋកិច្ច ដឹកនាំដោយអាមេរិក ធ្វើឲ្យសេដ្ឋកិច្ច​របស់វេណេហ្ស៊ុយអេឡា​ជួបវិបត្តិជាទ្រង់ទ្រាយធំ ។

នៅពេលនេះដែរ​ លោក​ Juan Guaido ​ដែលបានតាំងខ្លួនជាប្រធានាធិបតី​វេណេហ្ស៊ុយអេឡា បានអំពាវនាវដល់ពលរដ្ឋ ដង្ហែក្បួនបាតុកម្ម ជាទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រ ដើម្បីបង្ខំឲ្យប្រធានាធិបតី ម៉ាឌូរ៉ូ ចុះចេញពីតំណែង ។

មេដឹកនាំក្រុមប្រឆាំង លោក​ Juan Guaido ​បាននិយាយទៅកាន់ក្រុមអ្នកគាំទ្រនៅភាគខាងលិចរដ្ឋធានី Caracas ​កាលពីថ្ងៃទី​១៩ ខែមេសាថា « ពួកគេចាំបាច់ត្រូវតែ​ស្តាប់នូវសំឡេងរបស់ពលរដ្ឋ​ ទាំងនោះគឺគ្រប់គ្រាន់ហើយ» ។ លោក​ Guaido ​បានអំពាវនាវដល់ពលរដ្ឋ ទូទាំងប្រទេស នាំគ្នាដង្ហែក្បួនបាតុកម្មជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅថ្ងៃទី​១ ខែឧសភា ចំថ្ងៃ ទិវាពលកម្មអន្តរជាតិ​ ។

សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តី លោក​ Guaido ​និយាយទៅកាន់អ្នកគាំទ្រ​ថា​«យើងសូមអំពាវនាវដល់ពលរដ្ឋគ្រប់រូបចូលរួមធ្វើមហាបាតុកម្ម​ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ វេណេហ្ស៊ុយអេឡា ទាមទារ​បញ្ចប់ការកាត់អំណាច​​ បញ្ចប់វិ​វាទនៅក្នុងប្រទេស​អូសបន្លាយ» ។

លោក​ Guaido ​អាយុ​៣៥ឆ្នាំ ត្រូវបានអាមេរិក និងបណ្តាប្រទេសលោកខាងលិច គាំទ្រ ជាប្រធានាធិបតីស្របច្បាប់នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។ ជាមួយគ្នានោះ លោក Guaido ​បានអំពាវនាវដល់កម្លាំងទាហាន ចាកចេញពីប្រធានាធិបតី បញ្ចប់ការគាំទ្រ លោក ម៉ាឌូរ៉ូ​ ។

ដោយឡែកអាមេរិកវិញ​​បានអំពាវនាវដល់បណ្តាប្រទេស ទប់ស្កាត់យន្តហោះរុស្ស៊ីដឹកជំនួយទៅកាន់វេណេហ្ស៊ុយអេឡា ។ នៅពេលនេះ អាចនិយាយបានថា​​ អាមេរិក និង លោក​ Guaido ​ ម្នាក់វាយប្រហារខាងក្នុង ម្នាក់ទប់ស្កាត់ខាងក្រៅ​ ធ្វើឲ្យប្រធានាធិបតី ម៉ាឌូរ៉ូ ទល់ផ្លូវ ហើយត្រូវចាកចេញពីតំណែង ។

កាលពីថ្ងៃទី១៩ ខែមេសា​ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក​ Morgan Ortagus បានប្រកាសថា ​អាមេរិកបានអំពាវនាវដល់បណ្តាប្រទេស ដើរតាមគំរូរបស់ប្រទេស​ Malta ​ដោយ រារាំងយន្តហោះរុស្ស៊ីឆ្លងកាត់ ដែនអាកាសរបស់ខ្លួនចូលទៅកាន់វេណេហ្ស៊ុយអេឡា ។

នៅលើបណ្តាញសង្គម​ Twitter ​លោក​ Morgan Ortagus ​បានសរសេរថា ​«យើងសូមអំពាវនាវដល់បណ្តាប្រទេសដើរតាមគំរូ ប្រទេស ម៉ាលតា ​ដោយបានហាមយន្តហោះរុស្ស៊ីឆ្លងកាត់ ដែនអាកាសរបស់ខ្លួន ដើម្បីទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា» ។ ប្រសិនបើបណ្តាប្រទេសមិនអនុញ្ញាត នោះយន្តហោះរបស់រុស្ស៊ី ទាំងស៊ីវិល និងយោធា មិនអាចចូលទៅកាន់វេណេហ្ស៊ុយអេឡានោះឡើយ ។

វិបត្តិនយោបាយ សេដ្ឋកិច្ច អូសបន្លាយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា​ ហើយកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក និងលោកខាងលិច​​ ។ នៅពេលនេះ វេណេហ្ស៊ុយអេឡា ពឹងផ្អែកទៅលើជំនួយពីរុស្ស៊ី និងប្រទេស​មួយចំនួនទៀត ដើម្បីជួយដល់ពលរដ្ឋ និងពង្រឹងសេដ្ឋកិច្ច​ ។

ប៉ុន្តែ ប្រសិនបើបណ្តា ប្រទេសនៅជុំវិញមិនអនុញ្ញាត ឲ្យយន្តហោះរបស់រុស្ស៊ី ក៏ដូចជាសម្ពន្ធមិត្តវេណេហ្ស៊ុយអេឡា ហោះហើរលើដែនអាកាសរបស់ខ្លួន ទៅកាន់វេណេហ្ស៊ុយអេឡានោះ គឺជារឿងមួយដ៏លំបាកបំផុត ដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាឌូរ៉ូ​ ។

រដ្ឋាភិបាលរុស្សីបានបង្ហាញពីការប្តេជ្ញាការពារវេណេហ្សុយអេឡា គេចផុតពីចេតនាអាក្រក់របស់អាមេរិក ។ សារព័ត៌មាន Sputnik បានដកស្រង់សម្តី រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Sergey Ryabkov បានបញ្ជាក់ថា រុស្ស៊ីនឹងប្រឆាំងរាល់ការដាក់ទណ្ឌកម្មខុសច្បាប់របស់អាមេរិក ទៅលើប្រទេសវេណេហ្ស៊ុយអេឡា ។

លោក Sergey Ryabkov បានលើកឡើងថា «យើងមានក្តីបារម្ភយ៉ាងខ្លាំង ពីសកម្មភាព របស់អាមេរិកនៅតំបន់អាមេរិកឡាទីន ។ យើង ចាត់ទុកច្បាប់ដាក់ទណ្ឌកម្មទាំងនោះជារឿងមិនសមហេតុផល ខុសច្បាប់…ដូច្នេះយើងនឹងប្រឆាំងរាល់ការដាក់ទណ្ឌកម្មទាំងនោះ ។ វេណេហ្ស៊ុយអេឡា ជាសម្ពន្ធមិត្ត យុទ្ធសាស្ត្ររបស់យើងខ្ញុំនៅក្នុងតំបន់ ។ យើងនឹងធ្វើគ្រប់យ៉ាងដើម្បី ការពារសម្ពន្ធមិត្ត» ។

ការលើកឡើងខាងលើរបស់រុស្ស៊ី បន្ទាប់អាមេរិក ដាក់ទណ្ឌកម្មទៅលើ ធនាគារ ជាតិវេណេហ្ស៊ុយអេឡា ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានប្រកាសថា សកម្មភាពដាក់ទណ្ឌកម្មនោះ គឺជាសារសំខាន់របស់អាមេរិក ផ្ញើទៅកាន់ប្រទេសខាងក្រៅ ក្នុងនោះមានរុស្ស៊ីជាដើម ដែលបានបញ្ជូនសម្ភារយោធា ទៅវេណេហ្ស៊ុយអេឡា ជួយដល់ប្រធានាធិបតី នីកូឡាសម៉ាឌូរ៉ូ ។ កន្លងមក ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីនឹងមិន ជ្រៀតជ្រែក និងបំពាន់ច្បាប់អន្តរជាតិ និងច្បាប់របស់វេណេហ្ស៊ុយអេឡា ៕


ចែករំលែក៖