ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុន ឥណ្ឌា អូស្ត្រលី​ នឹងចូលរួមដង្ហែក្បួននាវាចម្បាំងជាមួយចិន​ លើកលែងអាមេរិក

ចែករំលែក៖

អាមេរិកមានកម្លាំងទាហានជាច្រើន នៅក្នុងតំបន់អាស៊ី​ ពិសេសគឺកម្លាំងទាហានជើងទឹក ។ ​មិនតែប៉ុណ្ណោះ អាមេរិក តែងតែ ចល័ត​នាវាចម្បាំង នាវាផ្ទុកយន្តហោះ នៅតំបន់សមុទ្រចិនភាគខាងត្បូង ជាបន្តបន្ទាប់នាពេលកន្លងមក ។ ប៉ុន្តែពេលនេះ អាមេរិកបានបដិសេធ ចូលរួមជាមួយចិន បើទោះបី​សម្ព័ន្ធ​មិត្តជិតស្និទ្ធបំផុត របស់អាមេរិក មានសឹង្ហបុរី​ ជប៉ុន​កូរ៉េខាងត្បូង ឥណ្ឌា​…បានចូលរួមជាមួយចិន​ ។

នៅក្នុងពិធីដង្ហែក្បួននាពេលខាងមុខ ចិនបាន អញ្ជើញអាមេរិក ឲ្យចូលរួមផងដែរ ប៉ុន្តែអាមេរិកបានច្រានចោល ដោយយល់ថាចិនកំពុងតែ ពង្រីក ការគ្រប់គ្រងនៅសមុទ្រចិនខាងត្បូង​ ។ ការអវត្តមានរបស់អាមេរិក ​បានបង្ហាញយ៉ាងច្បាស់ ថា ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុក ទីក្រុងប៉េកាំង ជាសត្រូវ ពិតប្រាកដ​ និងមានគោលបំណង រារាំងចិន ពង្រីកឥទ្ធិពលយោធា​ ។

ប៉ុន្តែ ចិនបានយកឈ្នះ អាមេរិក ​ដោយបានអញ្ជើញសម្ពន្ធមិត្តអាមេរិក ចូលរួម ដោយជោគជ័យ ។ ​​កាលពីខួបលើកទី​៦០ ចិន មិនបានអញ្ជើញអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកចូលរួមនោះឡើយ ។ នៅពេលនេះ ចិនសង្ឃឹមថា​ នឹងមានទំនាក់ទំនងល្អប្រសើរ ជាមួយ ប្រទេសក្នុងតំបន់ គឺជប៉ុន ក្នុងពេលដែលអាមេរិក​បានធ្វើឲ្យប្រទេសសម្ព័ន្ធមិត្ត កាន់តែខកចិត្តដោយគោលនយោបាយ អាមេរិកជាដំបូង ។

ពិធីដង្ហែក្បួនទាហានជើងទឹក ក្នុងឱកាសប្រារព្ធខួបលើកទី ៧០ នៃការបង្កើតកងទ័ពជើងទឹកចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមេសា ដោយមានការចូលរួមពីនាវាបរទេសជិត ២០ គ្រឿង ។ ប៉ុន្តែអាមេរិក បានបដិសេធបញ្ជូននាវារបស់ខ្លួនទៅចូលរួមនៅក្នុងព្រិត្តិការណ៍នេះ ។

តាមគម្រោងនៅក្នុងពិធីដង្ហែក្បួន ទាហានជើងទឹកនឹងមានការចូលរួមត្រួតពិនិត្យ ពីប្រធានាធិបតីចិន លោកស៊ី ជីនពីង ។ នៅក្នុងពិធីនេះ នឹងមាននាវាចម្បាំងរាប់សិបគ្រឿង យន្តហោះចម្បាំង​៣៩គ្រឿង មកពីកម្លាំងរំដោះប្រជាជនចិន​PLA ​រួមជាមួយនាវាចម្បាំង ជិត​២០គ្រឿង មកពី​១០ប្រទេស ផ្សេងទៀត​ ។ នាវាផ្ទុកយន្តហោះចិន ថ្មីប្រភេទ​ Type001A ​អាចនឹងចូលរួមនៅក្នុងពិធី ដង្ហែរក្បួន​នោះដែរ ។

អ្នកឯកទេសវិភាគ ស្តីអំពីយោធា លោក​ Song Zhongping ​បានបញ្ជាក់ថា ការដង្ហែរក្បួនព្យហយាត្រា ទាហានជើងទឹកលើកនេះ​ គឺជាការបង្ហាញពីប្រសិទ្ធិភាពធ្វើសង្គ្រាម របស់ទាហានជើងទឹកចិន​ ។ នៅក្នុងពិធីនោះចិននឹងបង្ហាញនៅ នាវា​ចម្បាំងទំនើបៗរបស់ខ្លួន មានដូចជា នាវាបំពាក់មីស៊ីលនាំផ្លូវ ប្រភេទ Type 055 ។ ​នាវាវាយឡើងគោក ​ Type 075 និងនាវាមុជទឹក​ប្រភេទ​ Type 096 និងនាវាផ្សេងៗទៀតជាច្រើន ។

នៅពេលនោះនាវា​ Type 055 ​ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសង្ហែក្បួននោះ ដោយប្រធានាធិបតីស៊ីជីងពីងនឹងឡើងទៅលើនាវានេះដើម្បីត្រួតពិនិត្យ សកម្មភាព ដង្ហែក្បួន​ ។

បើទោះបីអាមេរិកមិនបានបញ្ជូនកម្លាំងតាហានជើងទឹកទៅចូលរួម ប៉ុន្តែសម្ព័ន្ធមិត្ត របស់អាមេរិកដ៏សំខាន់នៅក្នុងតំបន់ គឺជប៉ុន អូស្ត្រាលីនិង ឥណ្ឌា ក៏បានបញ្ជូនបានាចម្បាំងទៅចូឡរួម​ផងដែរ ។ កាលពីថ្ងៃ ទី២១ ខែមេសា ឆ្នាំ២០១៩ នាវាចម្បាំងឥណ្ឌា និងអូស្រ្តាលី ព្រមទាំងប្រទេសដទៃទៀតបានទៅដល់កំពង់ផែភាគខាងកើតប្រទេសចិន ទីក្រុង Qingdao ដើម្បីចូលរួមព្យុហយាត្រាកម្លាំងទាហានជើងទឹក ។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ចិននឹងប្រារព្ធខួបទី៧០ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន ។ ក្នុងពិធីនេះ មានការដាក់បង្ហាញនាវាចម្បាំងប្រភេទថ្មី នាវាមុជទឹក និងនាវាពិឃាតរាប់សិបគ្រឿងផងដែរ ស្ថិតនៅសមុទ្រតំបន់ Qingdao ។

ចិនបានបញ្ជាក់ថា ប្រទេសមិនក្រោមពី១៣នោះទេ ដែលនឹងបញ្ជូននាវាចម្បាំងមកចូលរួមពិធីនេះ តាមការកោះអញ្ជើញឲ្យចូលរួម ។

ឥណ្ឌាដែលជាប្រទេសមានជម្លោះជាមួយចិនផងនោះ បានបញ្ជូននាវាចម្បាំងបំពាក់ប្រព័ន្ធកាំជ្រួចមីស៊ីលនាំផ្លូវ INS Kolkata ទៅចូលរួមពិធីនេះ ព្រមជាមួយនាវាផ្តល់ជំនួយផងដែរ ទៅដល់កំពង់ផែ Qingdao នោះហើយកាលពីថ្ងៃអាទិត្យ ។ ចិនជាអ្នកគាំទ្រឥណ្ឌា នៅក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម នៅលើទឹកដីប៉ាគីស្ថាន ។

ដំណាលគ្នានេះដែរ ទាហានជើងទឹកអូស្ត្រាលី សម្ព័ន្ធមិត្តអាមេរិក បានបញ្ជូននាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ HMAS Melbourne ទៅដល់កំពង់ផែ Qingdao ។ ចិន និងអូស្ត្រាលី ដែលមានជម្លោះជាមួយគ្នាយ៉ាងខ្លាំង ពាក់ព័ន្ធការចាប់ខ្លួនពលរដ្ឋគ្នាទៅវិញទៅមក ក្រោយរឿងរ៉ាវក្រុមហ៊ុន Huawei ។

សារព័ត៌មានជប៉ុនផ្សាយថា នាវាចម្បាំងជប៉ុន ពីឆ្នាំ២០១១មកទល់ពេលនេះ គឺជាលើកដំបូងហើយ ដែលត្រូវបានបញ្ជូនទៅកាន់កំពង់ផែ ទីក្រុងQingdao ភាគខាងកើតប្រទេសចិនចូលរួមក្បួនព្យុហយាត្រាកម្លាំងទាហានជើងទឹក ។

ប្រទេសដទៃទៀតដូចជារុស្ស៊ី, វៀតណាម, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ក៏នឹងបញ្ជូននាវាចម្បាំងទៅចូលរួមព្រឹត្តិការនេះជាមួយចិនផងដែរ ។ លើកលែងតែប៉ាគីស្ថាន មិត្តជិតស្និទ្ធរបស់ចិន មិនស្ថិតនៅក្នុងបញ្ជីប្រទេសបញ្ចូននាវាចម្បាំងទៅចូលរួមក្បួនព្យុហយាត្រាទាហានជើងទឹកនេះទេ ៕


ចែករំលែក៖