ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នព្រួយបារម្ភ ! ចោរគាស់ផ្ទះប្តូរប្រាក់ វីង នៅមុខផ្សារដើមក្រឡាញ់ យកទ្រព្យសម្បត្តិ រួចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពជិះរថយន្តលុចស៊ី១គ្រឿង ចូលទៅគាស់ផ្ទះប្តូរប្រាក់វីងវេរលុយមួយកន្លែង លួចបានទ្រព្យសម្បត្តិមួយចំនួន រួចជិះរថយន្ដគេចខ្លួនបាត់ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ០៥ ព្រឹក ឈានចូលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ មុខផ្សារដើមក្រឡាញ់ស្ថិតក្នុងភូមិ ទក្សិណត្បូង សង្កាត់គោកចក ក្រុង – ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានជិះរថយន្ត១គ្រឿងម៉ាកលុចស៊ីស Luxus RX 300 ពណ៌ស្ករ គ្មានស្លាកលេខធ្វើសកម្មភាពយក កន្ត្រៃកាត់ដែក និងដែកត្បែងកាត់សោរហាងលក់ទូរស័ព្ទ យីហោ ម៉ូឌែលហ្វូន មានទូរតាំងអីវ៉ាន់ដាក់វីង (wing) ដែលម្ចាស់ជា ជនរងគ្រោះឈ្មោះ លឹម អូន ភេទ ប្រុស អាយុ ២៨ ឆ្នាំ ។

តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា ខ្លួនបានចាក់សោរ ហាងដូចសព្វដង ហើយទៅសំរាកនៅផ្ទះលុះពេលព្រឹកមកបើកតូប ទើបដឹងក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលហើយប្តឹងទៅសមត្ថកិច្ចដើម្បីមកពិនិត្យសកម្មភាពឃើញថាជនសង្ស័យបានចូលលួចយកទូដែក ចំនួន១ រុញដាក់ចូលក្នុងឡានហើយជិះគេចខ្លួនបាត់ ។ តាមការបំភ្លឺ របស់ម្ចាស់ឲ្យដឹងថាក្នុងទូដែកនោះមាន ៖ ទូរស័ព្ទដៃ ១ គ្រឿង មាក oppo F5 ពណ៌ខ្មៅគ្មានស៊ីម ម៉ាស៊ីនវេ លុយ wing ចំនួន ០៣ គ្រឿង ប្រាក់ ខ្មែរ ចំនួន ១៩ ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ១ និង ឯកសារជួលផ្ទះមួយចំនួន ។ ទោះជាយ៉ាងណាក៏ដោយសមត្ថកិច្ចនៅ មិនទាន់កំណត់មុខសញ្ញាជនសង្ស័យបាននៅឡើយទេ ។ វត្ថុតាងបន្សល់ទុក មាន កន្ត្រៃកាត់ដែក១ ដែកត្បែង១ ។ ប្រជាពលរដ្ឋនៅក្រុងសៀមរាប មានការព្រួយបារម្ភយ៉ាងខ្លាំងករណីចោរគាស់ផ្ទះដែលជនល្មើស ជិះសុទ្ធតែឡានទំនើបបែបនេះហើយសមត្ថកិច្ចថាមិនស្គាល់អត្តសញ្ញាណ ដែលបច្ចុប្បន្នសកម្មភាពចោរគាស់ផ្ទះកើនឡើងគួរឲ្យព្រួយបារម្ភ ។

ករណីនេះដែរ នគរបាលជាន់ខ្ពស់នៃស្នងការដ្ឋានខេត្តសៀមរាបបានអះអាងថា ពិតជាកើតឡើងមែនហើយកម្លាំងនគរបាលជំនាញកំពុង ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ។

រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ ភឹង ចន្ដារ៉េត ស្នងការរង ខេត្តសៀមរាប ទទួលបន្ទុកផ្នែកព្រហ្មទាន បានឲ្យដឹងថា យើងកំពុងតែប្រជុំដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យតែមិនទាន់បានលទ្ធផល នៅឡើយទេ ៕ ប៊ុនរិទ្ធី


ចែករំលែក៖