ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកអគ្គរដ្ឋទូតហ្វីលីពីនផុតអណត្តិ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកមិញថ្ងៃទី ២៤ មេសា ២០១៩ ដដែលនេះ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមទំនាក់ទំនងអន្តរជាតិចិន រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារបន្តទៀតជាមួយ លោក Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំនៅកម្ពុជាដែលបានផុតអណត្តិការងារនៅកម្ពុជា។

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត ហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅក្នុងរាជធានីភ្នំពេញមានការរីកដុះដាលយ៉ាងច្រើន ដូចជាវិស័យសំណង់ ដែលមានអគារខ្ពស់ៗជាច្រើនត្រូវបានលេចធ្លោឡើង។ កាលពី៤ឆ្នាំមុនពេលអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិកម្ពុជាហាក់ដូចជាមិនសូវអ៊ូអរច្រើនទេ ហើយរួមជាមួយមធ្យោបាយធ្វើដំណើរក៏មិនសូវមានច្រើន រីឯការកកស្ទះចរាចរណ៍ក៏មិនសូវកើតមាន។ ប៉ុន្តែនៅពេលដែលលោកត្រូវវិលត្រឡប់ទៅប្រទេសខ្លួនឯងវិញ គឺបានឃើញកម្ពុជារីកចម្រើនដែលមិនគួរអោយជឿឡើយ។ ចំពោះរូបលោកផ្ទាល់គឺពេញចិត្តក្នុងការបំពេញបេសកម្មការទូតនៅកម្ពុជា។ ម៉្យាងវិញទៀត សម្បុរលោកគឺដូចគ្នានឹងពលរដ្ឋខ្មែរ ដែលទទួលបានការគោរពស្រឡាញ់ដោយមានភាពកក់ក្តៅយ៉ាងខ្លាំង ដែលបានធ្វើអោយអារម្មណ៍និងបេះដូងលោកគិតថាជាពលរដ្ឋខ្មែរពិតៗ។ លោកមានការនឹករលឹកអំពីកម្ពុជា ហើយក៏អរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រលោកនៅក្នុងបេសកម្មការទូតនៅកម្ពុជាដែលទទួលបានលទ្ឋផលល្អៗជាច្រើន។

ទន្ទឹមនឹងនោះដែរ លោក Christopher Baltazar MONTERO ក្នុងនាមលោកជាអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា គឺលោកពេញចិត្តដែលបានឃើញពលរដ្ឋខ្មែរ បានទៅចូលរួមបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្តដោយសេរីកាលពីឆ្នាំ ២០១៨ ដែលពេលនោះប្រទេសហ្វីលីពីនបានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរបស់កម្ពុជាមុនដំបូងគេបង្អស់។

នៅក្នុងអាណត្ដិការទូតរយៈពេល ៤ ឆ្នាំរបស់លោកនេះ គឺ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរទស្សនកិច្ចពីរដងទៅកាន់ប្រទេសហ្វីលីពីន ហើយ លោកប្រធានាធិបតីហ្វីលីពីនក៏បានបំពេញបំពេញទស្សនកិច្ចមកកាន់កម្ពុជាចំនួន ២ ដងផងដែរ។ ស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព គឺមានអ្នកវិនិយោគិនហ្វីលីពីនជាច្រើនបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលកំពុងផ្តល់ផលប្រយោជន៍អោយគ្នាទៅវិញទោមក ក្នុងនោះក៏មានការវិនិយោគលើការហោះត្រង់ពីហ្វីលីពីនមកកាន់កម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជាហ្វីលីពីនក្នុងរយៈពេល ៦០ឆ្នាំមកនេះ ដែលមានការរីកចំរើនយ៉ាងខ្លាំង។ ទាំងនេះគឺបានបន្សល់ទុកដោយអតីបុព្វបុរសនៃប្រទេសទាំងពីរដែលយើងត្រូវបន្តរក្សាចំណងមិត្តភាពនេះអោយបានល្អសម្រាប់អ្នកបន្តវេនជំនាន់ក្រោយៗទៀត។

ទន្ទឹមនឹងមិត្តភាពនិងសហប្រតិបត្តិការល្អ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ភាគីហ្វីលីពីនជំរុញដល់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយកាន់តែមានទំហំខ្លាំងឡើងថែមទៀត។

លោក Christopher Baltazar MONTERO បានជម្រាបសម្តេចតេជោនាយករដ្ឋមន្រ្តីថា ពេលនេះច្បាប់នាំអង្ករចូលប្រទេសហ្វីលីពីដែលតម្រូវអោយចូលដេញថ្លៃដាច់ខាតនោះគឺអស់សុពលភាពហើយ។ ដូច្នេះពេលនេះប្រទេសណាក៏អាចនាំអង្ករចូលហ្វីលីពីនបានដោយសេរី រួមទាំងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយដែលបានទទួលដំណឹងនេះ ហើយសង្ឃឹមថា កម្ពុជានឹងនាំអង្ករទៅកាន់ទីផ្សារហ្វីលីពីននៅពេលដ៏ខ្លីខាងមុខនេះមិនខាន។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការពេញចិត្តចំពោះពលរដ្ឋហ្វីលីពីនដែលបានកំពុងរស់ និងធ្វើការនៅក្នុងប្រទេសកម្ពុជាមិនដែលបង្កើតការលំបាកដល់កម្ពុជាឡើយ។ នេះក៏ជាមេរៀនមួយដ៏ល្អសម្រាប់ពលករកម្ពុជាដែលកំពុងតែធ្វើការនៅប្រទេសដទៃ គឺសូមកុំបង្កើតបញ្ហាការលំបាកនៅក្នុងប្រទេសគេ។ ត្រង់ចំនុចនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រសួងការងារនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាអោយបានកាន់តតែល្អរឹងមាំថែមទៀត៕


ចែករំលែក៖