ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះបន្ទប់ដាក់គ្រឿងសំអាងផ្ទះសំអាងការ​ អប្សរាភ្នំពេញ​គិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖​ ផ្ទះសំអាងការយីហោ​ អប្សរាភ្នំពេញ​ ត្រូវអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់ដាក់សំអាងការដោយមូលហេតុ​ ឆ្លងចរន្តអគ្គិសនី ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ជិត៤រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ១០៧សេ «ផ្ទះសំអាងការ អប្សរាភ្នំពេញ» តាមបណ្ដោយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបុគ្គលិកដែលបម្រើការនៅកន្លែងកើតហេតុខាងលើ​ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហ៊ុយចេញពីបន្ទប់ជាន់ទីមួយ នៃផ្ទះសំអាងការ អប្សរា ភ្នំពេញ ពេលនោះ ប្រជាពលរដ្ឋបានឃើញផ្សែងហ៊ុយ ក៏ផ្អើលឆោឡោរួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ ហៅរថយន្តពន្លត់អគ្គិភ័យបានចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗតែម្ដង ។

ក្នុងករណីអគ្គិភ័យនេះ គេបានសង្កេតឃើញមានវត្តមានលោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌ​ បានដឹកនាំកម្លាំងអាជ្ញាធរចម្រុះ ចុះអន្តរាគមន៍បាញ់ទឹកទប់ស្កាត់នៅអណ្តាតភ្លើងមិនឲ្យរាលដាលបន្តទៅផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះផងដែរ ។ ​ ក្រោយពីមានការអន្តរាគមន៍ អគ្គិភ័យ​ បានរលត់ទៅវិញ ១០០ភាគរយ នៅវេលាម៉ោង​ ៤និង៤០​នាទីរសៀល ថ្ងៃដដែល ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់ របស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ២០គ្រឿង ក្នុងនោះប្រើប្រាស់ទឹកអស់ចំនួន ២០គ្រឿង, ក្រុមហ៊ុន OCIC ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤គ្រឿង, កោះពេជ្រចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣គ្រឿង និងរថយន្តអាវុធហត្ថចំនួន​ ២គ្រឿង ប្រើប្រាស់ចំនួន​ ២គ្រឿង ។

នៅក្នុងគ្រោះថ្នាក់អគ្គិភ័យមួយនេះ បណ្តាលឲ្យមនុស្សម្នាក់រងរបួសស្រាល​ ត្រូវដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ ដោយឡែក ទំហំនៃការខូចខាតសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេ ៕ ជ្រោយពេជ្រ


ចែករំលែក៖