ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់លង់ទឹកស្លាប់សង្ស័យមានជំងឺសសៃប្រសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់ប្រកាច់ធ្លាក់ទឹកបឹងទន្លេសាបលង់ស្លាប់ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានអះអាង ជនរងគ្រោះសង្ស័យមានជំងឺសសៃប្រសាទ ។

ហេតុការណ៍ករណីលង់ទឹកបឹងទន្លេសាបស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ និង០០នាទី ព្រឹកព្រលឹងថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចព្រែកមាត់បឹងទន្លេសាប ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះលង់ទឹកកណ្ដាលឲ្យ(ស្លាប់)ឈ្មោះ អុឹម សំប្រាថ្នា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ជនរងគ្រោះមានជំងឺរាំុរ៉ៃប្រចាំកាយ(សសៃប្រសាទ) ។

ប្រភពរាយការណ៍ខាងលើបន្តទៀតថា ករណីខាងលើនេះសមត្ថកិច្ចជំនាញសហការចុះពិនិត្យ និងស្រាវជ្រាវ ដើម្បីស្វែងរកចម្លើយអំពីមូលហេតុជាក់លាក់ លទ្ធផល៖ ជនរងគ្រោះអាចពិតជាស្លាប់ដោយសារលង់ទឹក មិនមានស្លាកស្នាមគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មនោះទេ សាកសពបានធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន


ចែករំលែក៖