ខេត្តកំពង់ធំ៖សិប្បកម្មកែច្នៃឈើមួយកន្លែង ដែលគេសង្ស័យថា ប្រហែលជាអត់ច្បាប់ ត្រូវបានអ្នកយកព័ត៌មានឃើញនៅត្រង់ចំណុច ភូមិមួយភាគខាងលិច នៃភ្នំជី ដែលមានទាំងកម្លាំងកម្មករព្រោងព្រាត និងគំនរឈើជាច្រើនដុំ ។
បើយោងតាមសម្ដីប្រជាពលរដ្ឋ ដែលរស់នៅទីនោះបានប្រាប់សារព័ត៌មានដឹងថា ទីតាំងសិប្បកម្មមួយកន្លែងនេះ គឺស្ថិតនៅក្នុងភូមិកំពង់គរ ឃុំ សុខចិត្រ ស្រុក សណ្ដាន់ខេត្តកំពង់ធំ ។ ដែលមានម្ចាស់ឈ្មោះថា លោក ហៃ ប៉ុន្តែពេលសារព័ត៌មានបានទាក់ទងទៅលោក ហៃ លោកបានឆ្លើយបដិសេធថា មិនមែនជារបស់គាត់ទេ គឺជារបស់មេគាត់ ។ ខ្ញុំគ្រាន់តែជាមេការមើលការខុសត្រូវតែប៉ុណ្ណោះ ។ ឯម្ចាស់គឺឈ្មោះ កៅ ប៊ុនលី ដែលគេស្គាល់ថា ជាលោកឧកញ៉ាម្នាក់នៅភូមិរំលង ឃុំ ទ្រៀល ស្រុក បារាយណ៍ខេត្តកំពង់ធំ ។
ប្រភពបានបន្តទៀតថា ឈើទាំងនេះ បានដឹកចេញពីដែនអភិរក្សព្រៃឡង់ ដែលស្ថិតនៅជុំវិញតំបន់ភ្នំជី ប៉ុន្តែលោកចៀន ដែលជាប្រធានស្នាក់ការអូរផ្អាវបានបដិសេធថាឈើទាំងនេះមិនមែនដឹកចេញពីដែនសមត្ថកិច្ចរបស់លោកនោះទេ ។
លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៨ និង៤៨នាទីព្រឹក សារព័ត៌មានបានទាក់ទងទៅលោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ដើម្បីឲ្យលោកជួយឆ្លើយបំភ្លឺជុំវិញករណីនេះ ។ ប៉ុន្តែទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួលដោយមិនដឹងថា លោករវល់ ឬមួយលោកមិនចង់សហការនោះទេ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ក្នុងពិធីប្រជុំមិត្តភាព ប្រចាំត្រីមាសរវាងអ្នកសារព័ត៌មាន នឹងមន្ត្រីរាជការ លោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំតែងតែដាស់តឿនក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទថាសូមឲ្យទទួលលេខទូរស័ព្ទអ្នកសារព័ត៌មានផងដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាជៀសវាងការជះទឹកក្ដៅដាក់គ្នា ។ ជាពិសេសមន្ត្រីមួយចំនួនតូចហាក់ដូចជាមិនអើពើ និងយកចិត្តទុកដាក់ទាល់តែសោះ ដូចជាលោក សៅ វណ្ណី នេះតែម្ដងពេលប្រជុំម្ដងៗអ្នកសារព័ត៌មានតែងសំណូមពរ ឲ្យលោកជួយលើកទូរស័ព្ទអ្នកសារព័ត៌មានផង ។
គួរបញ្ជាក់ផងដែរថា សិប្បកម្មកែច្នៃមួយនេះ បានបើកធ្វើអាជីវកម្មជាច្រើនឆ្នាំមកហើយ គេពុំដែលឃើញមានសមត្ថកិច្ច ឬមន្រ្ដីជំនាញណាហ៊ានប៉ះពាល់ឡើយ ប្រហែលជារបស់លោកឧកញ៉ាប្រើថ្នាំសណ្ដំរហូតសន្លប់អស់ហើយ ៕ ប៊ុនរិទ្ធី