ខេត្តបន្ទាយមានជ័យ៖ កាំភ្លើងAK១ដើម មានបង់ចំនួន៥ និងគ្រាប់ចំនួន៣បង់ ត្រូវសមត្ថកិច្ចសន្និដ្ឋាន ជាប្រភេទកាំភ្លើងដែលត្រូវជន មានសមាសភាពមិនល្អ យកទៅកប់ចោលក្នុងដី ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ខណៈដែលត្រាក់ទ័រព្យួរដី ធ្វើស្រែព្យួរប៉ះកប់ក្នុងដីជម្រៅកន្លះម៉ែត្រ កាលពីល្ងាច ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចដីស្រែមួយកន្លែង ចម្ងាយពីភូមិគោកធ្នង់កើត ប្រមាណ២ពាន់ម៉ែត្រ នៃឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
កាំភ្លើងនោះ បន្ទាប់មកត្រូវបានម្ចាស់ស្រែយកមកប្រគល់ឲ្យមេភូមិ ហើយលោកមេភូមិក៏យកប្រគល់បន្តឲ្យនគរបាលប៉ុស្តិ៍ឃុំអូរប្រសាទ ដើម្បីរក្សាទុក ។ ប្រជាពលរដ្ឋម្ចាស់ស្រែ មានឈ្មោះ ឆ្លៅ ប៊ុនរឿន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ ។
បើយោងតាមរបាយការណ៍របស់ងធិការដ្ឋាននគរបាលស្រុកមង្គលបូរីឲ្យដឹងថាកាំភ្លើង AK១ដើមនោះ ច្រេះពុកខូចគុណភាពមិនអាចប្រើប្រាស់បាននោះឡើយ ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចកាំភ្លើងនោះ ត្រូវជនមិនស្គាល់មុខយកទៅកប់ចោលក្នុងអំឡុងពេលយូរឆ្នាំមកហើយ ។ ដីស្រែនោះ ប្រជាពលរដ្ឋខាងលើ ទើបតែទិញធ្វើស្រែហើយក៏ជួលត្រាក់ទ័រ ដើម្បីព្យួរឈូសឆាយពង្រាបដីធ្វើស្រែ ក៏ប្រទះឃើញកាំភ្លើង AK នោះតែម្តង ៕ សំ វិច្ឆិកា