ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាសក្ត័៤ម្នាក់ ស្លាប់យ៉ាងអាណោចអាធម័ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុក

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកត្រីមួយគ្រឿង បើកបោះពួយយ៉ាងលឿនបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសជាមន្ត្រីយោធាម្នាក់ ប៉ើងជាង២០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតតំបន់សេដ្ឋកិច្ចពិសេសកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

សពជនរងគ្រោះមានឈ្មោះសុខ សៅ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរមន្ត្រីយោធា នៅអង្កភាពកងពលតូចលេខ៧០ មានឋានន្តរសក្តិវរសេនីយត្រី ពាក់សក្ត័៤ មាន ស្រុកកំណើត ភូមិពពក ឃុំអំពិល ស្រុករមាហែក ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតបើករថយន្តហ៊ីយ៉ាន់ដាយដឹកត្រីពណ៌សមួយគ្រឿងពាក់ស្លាកលេខ កំពត2B-0698 ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីម សង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HA-7232 បើកបរដោយបុរសជាមន្ត្រីយោធាម្នាក់បញ្ច្រាសទិដៅគ្នាពីកើតបានរេចង្កូតមកខាងឆ្វេងដៃចូលមកចំណីផ្លូវខាងរថយន្តបុកពេញទំហឹងបណ្តោយឲ្យប៉ើងជាង២០ម៉ែត្រ បោកក្បាល នឹងកញ្ចក់រថយន្តស្លាប់នៅ កន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអាធ័ម ។ បន្ទាប់មក អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ នៅតែអ្នករួមដំណើរត្រូវាបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាម ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។

ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ជូនរថយន្តសង្គ្រោះបន្ទាន់៧១១ ដឹកយកទៅតម្កល់ទុកនៅក្នុង អង្កភាពរង់ចាំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅ ស្រុកកំណើតតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖