ព័ត៌មានទាន់ហេតុការណ៍៖

លោក លីម សុភា គួរមានវិធានការបង្ក្រាប រាល់ទីតាំង អិនធើណត បង្កប់ល្បែងសុីសង ខុសពីលិខិតអនុញ្ញាតពីអាជ្ញាធរខណ្ឌផង

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាបនល្បែងសុីសង ជាវិធានការចំបងដែលគណៈបញ្ជាការឯកភាពខណ្ឌ ទទួលខុសត្រូវ ទប់ស្កាត់ បង្ក្រាប ត្រួតពិនិត្យរដ្ឋបាល ប្រសិនមានអាជីវករណាមួយ មានចេតនាទុច្ចរិតលួចបង្កប់ក្នុងអាជីវកម្មរបស់ខ្លួនផ្ទុយការអនុញ្ញាត ពីអាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ មានដូចជា៖ កត់ឆ្នោតវៀតណាម,កត់ការភ្នាល់បាល់,អិនធើណេតប្រភេទល្បែងសុីសង, ។ល។ ខណៈបនល្បែងជាប្រភពផ្តើមបង្កើតអោយមានបទល្មើស លួច ឆក់ ប្លន់ ជាដើម ពិសេសគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពត្រូវលុបបំបាត់បញ្ហានេះ មិនត្រូវទទួលការរិៈគន់ពីប្រជាជនក្នុងមូលដ្ឋានថា៖ មិនបង្ក្រាបដោយសារប្រយោជន៍ ដឹងដែរឮដែរថាលួចបង្កប់ល្បែងសុីសងល្មើសច្បាប់ តែ(កន្ទេលធំបន្លំដេក)នោះ ជាកំហុសធ្ងន់ធ្ងរបំផុត។
ប្រជាជនបានរាយការណ៍មកថា៖ នៅមូលដ្ឋានគាត់កំពុងរស់នៅ មានទីតាំងល្បែងស៊ីសងកត់កន្ទុយលេខវៀតណាម ចំនួនពីរកន្លែង ក្នុងសង្កាត់វាលវង់ ក្នុងនោះមានអ្នកចេញមុខការពារធានាជាមួយសមត្ថកិច្ច អាជ្ញាធរដែនដី ដែលមិនអាចបង្ក្រាបចាប់បាន គឺឈ្មោះ(រាជ )។ ជាក់ស្តែងការបើកកត់កន្ទុយលេខវៀតណាមនេះគឺគ្មានអ្នកបង្ក្រាបមែន ខណៈបើកចំហរ ហើយមួយមាត់ណាក៏ឈ្មោះ(រាជ)មានអំនួតគ្របដណ្តបទៅលើសមត្ថកិច្ចមូលដ្ឋានជាញឹកញាប់ផងដែរ ប្រើនូវពាក្យយកមេឃទ្រាប់គូថអង្គុយថា៖ (បើចៅហ្វាយខណ្ឌលោក លីម សុភា មិនចាប់ តើនរណាហ៊ានចាប់..?)។
ការពិតអាចជាសត្យានុម័តធម្មជាតិមែន គឺមិនទាន់ឃើញអាជ្ញាធរខណ្ឌ៧មករា មានវិធានការបង្ក្រាប ថែមទាំងផ្តល់ការលើកទឹកចិត្តអោយបន្តការបើកអាជីវកម្មអិនធើណេត ដែលមានបង្កប់ល្បែងស៊ីសងភ្នាល់បាល់ យ៉ាងតិចពីរទីតាំងទៀត នៅក្នុងសង្កាត់វាលវង់ មានយីហោ(ដេប៉ូ net ) មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ ១៥៦និងមួយកន្លែងទៀតស្ថិតនៅតាមបណ្ដោយផ្លូវ ១៣៨ ស្របពេលដែលទីតាំងអិនធើណេតបង្កប់ល្បែងសុីសងភ្នាល់បាល់ កំពុងតែរីក ដូចផ្សិត យ៉ាងហោចណាស់៧ទីតាំង នៅក្នុងសង្កាត់មនោរម្យ។
មន្ត្រីមូលដ្ឋានបង្ហើបថា៖ អិនធើណេត យីហោ (i-NET ២៤ម៉ោង) បង្កប់ល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញ ស្ថិតនៅទីតាំងផ្ទះលេខ៤៧Eoយីហោ (i-NET ) និងមួយទៀតស្ថិតនៅផ្ទះលេខ៥១Eoយីហោ (RSInternet )និងផ្ទះ៥៦Eoយីហោ(CH294 24h) តាមបណ្តោយផ្លូវ១៣៤ និងពីរទីតាំងទៀតស្ថិតផ្ទះលេខ៤៦Eo គ្មានយីហោ និងមួយទៀតផ្ទះគ្មានលេខយីហោ (i -NET )តាមបណ្តោយផ្លូវ១០៩ មួយទីតាំងទៀតផ្ទះគ្មានលេខយីហោ(ហេភី107 ណែត) ផ្លូវលេខ១០៧(សុកហុក)កែងផ្លូវ១៣៤ និងមួយទៀតស្ថិតក្នុងផ្លូវឌឿងហែម ក្រោយសាលាសង្កាត់មនោរម្យផ្ទាល់តែម្តង។
ក្នុងករណីដែលអាជ្ញាធរខណ្ឌមិនបង្ក្រាប ត្រូវបានប្រជាជនដាក់ភាពសង្ស័យ៤ចំនុចទៅលើអាជ្ញាធរ៖
១-មិនដឹងទើបមិនបង្ក្រាប
២-មកពីម្ចាស់ទីតាំងខ្សែធំមិនហ៊ានប៉ះ
៣-មកពីទីតាំងទាំងនោះជាឆ្នាំងបាយប្រចាំខែក៏អាចថាបាន
៤-អាចមានចេតនាមិនអនុវត្តតាមយន្តការគោលយោបាយភូមិ-សង្កាត់មានសុវត្តិភាព របស់រដ្ឋាភិបាលដាក់ជូនអាជ្ញាធរដែនដីអនុវត្ត.?
ប្រភពព័ត៌មានពីមន្ត្រីតូចតាចបម្រើការនៅក្នុងមូលដ្ឋានខណ្ឌ៧មករា បានលួចបង្ហើបថា ៖ ម្ចាស់ទីតាំងណេតយីហោ២៤ម៉ោង ភាគច្រើន បើកដំណើរការយ៉ាងរលូនបែបនេះដោយសារ មានការអនុញ្ញាតពីចៅហ្វាយខណ្ឌ ទើបទីតាំងនេះហ៊ានបើកលេងទាំងយប់ថ្ងៃមិនខ្លាចសមត្ថកិច្ចណាចុះបង្ក្រាបនោះទេ ។ បើមានបញ្ហាអ្វីនោះ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧ មករា តែងតែទម្លាក់កំហុស ដាក់បន្ទុកមកលើខាងនគរបាលទទួលខុសត្រូវរហូត មានន័យថា៖ លុយលោកអ្នកទទួល , បញ្ហារឿងវិញសមត្ថកិច្ចទទួលបន្ទុក,។
មន្ត្រីថ្នាក់ក្រោមឆ្ងល់ថា៖ ហេតុអីក៏ម្ចាស់ទីតាំងយកអាជ្ញាប័ណ្ណពីចៅហ្វាយខណ្ឌក្នុងចេតនាធ្វើយ័ន្តការពារ ខណៈខ្លួនបើកអាជីវកម្មផ្ទុយពីលិខិតអនុញ្ញាតនោះ..???
ពាក់ព័ន្ធករណីនេះអង្គភាព នគរវត្ត មិនអាចទាក់ទងសុំការបកស្រាយបានទេពីលោក លី សុភា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ដោយទូរស័ព្ទត្រូវបានបិទ៕

ដោយ៖ ស សម


ចែករំលែក៖