ភ្នំពេញ៖ ប្តីប្រពន្ធមួយគូទំនងជាស្រវឹង បើកបររថយន្តស៊េរីទំនើបមួយគ្រឿង រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត កាលពីម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយផ្លូវ២៨៩ កែងនិងផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធមួយគូ បានបើកបររថយន្តមួយគ្រឿង ម៉ាករ៉េងរ៉ូវើរ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ២៨៩ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបាន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រពឹត ផ្នែកខាងមុខ កៀបជាប់ជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ទំនាក់ទងទៅសមត្ថកិច្ច ជំនាញចរាចរឲ្យចុះមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ