ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍ប្រណាំងយាន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ក្រោមប្រធានបទ (រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ)

ចែករំលែក៖

ភ្នំពេញ៖ «ព្រឹត្តិការណ៍ប្រណាំងយាន្តឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ខ្មែររ៉ាលីរ៉េដឆ្នាំ ២០១៩ ក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា នឹងចូលរួមផ្សព្វផ្សាយពីសក្តានុពលនៃដែនជម្រកសត្វព្រៃព្រៃឡង់ដែលសម្បូណ៌ដោយព្រៃឈើ និងជីវៈចម្រុះដល់សាធារណៈជន ក៏ដូចជាបណ្តុះស្មារតីស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិក្នុងចំណោមប្រជាពលរដ្ឋហើយយើងទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថាននិងអភិរក្សធន
ធានធម្មជាតិឱ្យបានគង់វង្ស»។ នេះគឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

នេះជាលើកទី៤ ដែលសហព័ន្ធកីឡាយានយន្តកម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះឡើង។ ដោយឡែក ឆ្នាំនេះជាឆ្នាំទី២ ដែលក្រសួងបរិស្ថានបានចូលរួមគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍នេះ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បង្ហាញជំនឿជឿជាក់ថារូបភាពស្តីពីនៃភាពសម្បូណ៌បែបនៃធនធានធម្មជាតិ ក៏ដូចជាជីវភាពបងប្អូនប្រជាសហគមន៍មូលដ្ឋាននឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយដែលបានចូលរួមផ្សព្វផ្សាយពីការប្រណាំងយានយន្តឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថាព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយសម្រាប់ទាញការចាប់អារម្មណ៍របស់សាធារណជនឱ្យចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ។ លោកបានថ្លែង ថា ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីទំហំ ៤៣១ ៦៨៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តព្រះវិហារ។ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំនិងគ្រប់គ្រងដែនជម្រក សត្វព្រៃព្រៃឡង់ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដីនៃខេត្តទាំង ៤ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

លោក ហូរ សិទ្ធិគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានឱ្យដឹងថា កីឡាប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» នេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» ដោយចេញដំណើរចាប់ពីថ្ងៃទី១៧ ខែឧសភា និងបញ្ចប់វិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប ពិសេសគឺនឹងឆ្លងកាត់តំបន់ការពារដែនជម្រកសត្វព្រៃ «ព្រៃឡង់» លើចម្ងាយផ្លូវសរុបជាង ៦០០គីឡូ
ម៉ែត្រ។
លោក ពៅ តិចឡេង អគ្គនាយកក្រុមហ៊ុន KARA បានឱ្យដឹងថាព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នេះគាំទ្រដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា ក្រុមហ៊ុន KARA និងដៃគូមួយចំនួនទៀតនឹងមានការចូលរួមពីការប្រកួតម៉ូតូនិងរថយន្តចំនួន ៤១ គ្រឿង និងមានកីឡាករកីឡាការិនីចំនួន ៦៤ នាក់មកពីប្រទេសចំនួន ៨ រួមមាន កម្ពុជា ថៃ អូស្ត្រាលី នូវែលសេឡង់ វែល ស្តត់លែន បារាំង និងហូរឡង់៕

ដោយ៖ សហការី


ចែករំលែក៖