ខេត្តឧត្ដរមានជ័យ៖ ករណីបុរសម្នាក់បានស្លាប់នៅក្នុងបន្ទប់ឃុំខ្លួន នៅក្នុងប៉ុស្ដិ៍នគបាលរដ្ឋបាលសង្កាត់អូស្មាច់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ដែលធ្វើឲ្យមហាជនយល់ច្រឡំថា ជារឿងអាថ៌កំបាំងនោះ ពេលនេះត្រូវបានគេលាតត្រដាង់ការពិតហើយ ។
បើយោងទៅតាមរបាយការណ៍របស់អធិការក្រុងសំរោង បានបញ្ជាក់ថា ករណីបុរសម្នាក់ ដែលបានស្លាប់នៅក្នុងបន្ទប់ ឃុំខ្លួននៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់ កាលពីវេលាម៉ោង ១៥,០០ នាទី ថ្ងៃ០៤ ខែឧសភា ឆ្នាំ២០១៩ ឈ្មោះ ធូ ហាត ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិ ក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ជាករណី អត្តឃាត ចងកសម្លាប់ខ្លួនដោយច្រវាក់ រិតកខ្លួនឯង បណ្ដាលឲ្យស្លាប់ នៅក្នុងបន្ទប់ឃុំឃាំង ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា សាកសពដែលបានធ្វើអត្តឃាតខាងលើ ជាជនសង្ស័យ ករណីខ្ចីម៉ូតូអ្នកភូមិជាមួយគ្នាមួយភ្លែតមកក្រុងសំរោង រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ក៏ត្រូវបានម្ចាស់ម៉ូតូប្ដឹង ។ នៅម៉ោងប្រហែល១៤,៣០នាទី ឈ្មោះធូ ហាត បានយកម៉ូតូ ម៉ាកវេវ ពណ៌ខ្មៅលាយក្រហម គ្មានបណ្ណ័សម្គាល់ យកមកលក់ឲ្យឈ្មោះ អឿន ពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិរួតចំប៉ី សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលមានមុខរបរជាជាងម៉ូតូ ហើយបាននាំគ្នាមកធ្វើសំបុត្រស្នាមនៅនឹងប៉ុស្ដិ៍នគរបាល ក៏ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ឃាត់ខ្លួននិងរាយការណ៍ជូនថ្នាក់លើ ។
ការស្លាប់ឈ្មោះ ធូហាត ដោយមានគណ:កម្មាធិការត្រួតពិនិត្យសាកសព មានសមាសភាពចូលរួមចំនួន១១នាក់ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡឹក សុខា ស្នងការរងនគរបាល ផ្នែកព្រហ្មទណ្ឌ និងសម្របសម្រួលដោយលោក គង់ រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្ដរមានជ័យផងដែរ ។
ក្រោយមានការត្រួតពិនិត្យសាកសព ឈ្មោះ ធូហាត រួចមក ក្រុមគណ:កម្មការបានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារករណីចងក ធ្វើអត្តឃាតខ្លួន នៅក្នុងបន្ទប់ឃុំឃាំងពិតប្រាកដមែន ហើយសមត្ថកិច្ច ក៏បានប្រគល់សាកសពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែននួន