ខេត្តស្ទឹងត្រែង៖ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយ ការងារ អប់រំនយោបាយ ចិត្តសាស្ត្រ និងសភាពការ វិវឌ្ឍថ្មីៗ ឆមាសទី១ ឆ្នាំ២០១៩ ។
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការងារអប់រំ នយោបាយចិត្តសាស្ត្រ និងសភាពការវិវឌ្ឍថ្មីៗ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ នេះ បានដំណើរការ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ប្រាក់ សិដ្ឋ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានវត្តមានក្រុមការងារ អមដំណើរកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត ។
លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើរបាយការណ៍ រាយការណ៍ជូនគណៈអធិបតី ស្តីពីផែនការនានា ដែលអនុវត្តបាន និងផែនការគោលដៅ នយោបាយបន្ត ព្រមទាំងបានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយពេល ចុះមកអប់រំ នយោបាយ ចិត្តសាស្ត្រ និងសភាពការវិវឌ្ឍថ្មីៗ នៃឆមាសទី១ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ។
លោក ប្រាក់ សិដ្ឋ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកោតសរសើរចំពោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត ក្នុងការសម្រេច បង្ក្រាបករណីធំៗមួយចំនួន ដូចករណីបង្ក្រាបចាប់ជនជាតិវៀតណាម ជនជាតិឡាវ ឆ្លងដែនបរបាញ់សត្វលើទឹកដីកម្ពុជា និងករណីជួញដូរគ្រឿងញៀនជាដើម ។
លោកបន្តថា ជាមួយគ្នានេះ ករណីដឹកជញ្ជូនឈើ លោកបានបញ្ជាក់ទៅមន្ត្រីអាវុធហត្ថឲ្យ យកចិត្តទុកដាក់ តាមដាន ពិនិត្យច្បាស់លាស់ដោយសារ ប៉េសេ មួយសន្លឹក ដឹកឈើ១០ឡាននេះ ជាល្បិចរបស់ឈ្មួញ ដូច្នេះត្រូវពិនិត្យតាមដានឲ្យច្បាស់លាស់ ។
ការគ្រប់គ្រងសភាពការគ្រោះធម្មជាតិ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ពិសេសបញ្ហា ឡើងកម្តៅ ដែលបច្ចុប្បន្នយើងបានដឹងស្រាប់ហើយ ។ បញ្ហាមួយទៀតទាក់ទងទៅនឹងសន្តិសុខ សណ្តាប់ធ្នាប់ ប្រជាពលរដ្ឋមានលំនឹងល្អ ទទួលបានស្ថេរភាព និងការអភិវឌ្ឍ និងមិនប្រើអំពើហិង្សាទៅលើប្រជាជន ជាពលរដ្ឋស្លូតត្រង់ ចៀសវាងបង្កឲ្យមានផលបះពាល់ជាយថាហេតុ ៕ មាស សុផាត