ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ អាមេរិកច្រើនរូប ព្រមានពីគ្រោះថ្នាក់ ដោយសារ សង្គ្រាមពាណិជ្ជកម្មជាមួយចិន

ចែករំលែក៖

មន្ត្រីអាមេរិកជាច្រើនរូប ក្នុងនោះមានទាំង ទីប្រឹក្សាសេដ្ឋកិច្ច បានលើកឡើងពីហានិភ័យនៃការដំឡើងពន្ធទៅលើទំនិញនាំចូលពីចិន ។ សកម្មភាពខាងលើ នឹងធ្វើឲ្យពលរដ្ឋប្រទេសទាំងពីរជាអ្នករងផលប៉ះពាល់ ពិសេសគឺពលរដ្ឋអាមេរិក ។

ក្រោយការដំឡើងពន្ធ លើទំនិញចិនចូលជាធូរមាន ។ ទីប្រឹក្សាសេដ្ឋកិច្ចអាមេរិក បានលើកឡើងថា ការដំឡើងពន្ធលើទំនិញនាំចូលពីចិន ជួយឲ្យរដ្ឋទទួលបានផលចំណេញ ប៉ុន្តែពលរដ្ឋអាមេរិក ជាអ្នករងគ្រោះទៅវិញ ។ ពលរដ្ឋអាមេរិក នឹងខាតបង់ជាច្រើន ក៏ដូចជាការចំណាយកើនឡើងខ្ពស់ ។ ការប្រកាសខាងលើផ្ទុយពីការប្រកាសរបស់ប្រធានាធិបតីដូណាល់ ត្រាំ ថា ការដំឡើងពន្ធលើទំនិញចិន នឹងជួយអាមេរិកទទួលបានផលប្រយោជន៍ជាច្រើន ។

ទីប្រឹក្សាសេដ្ឋកិច្ចអាមេរិក លោក Larry Kudlow បានបញ្ជាក់ថា នៅទីបំផុតអ្នកប្រើប្រាស់ នៅអាមេរិក ត្រូវទទួល នូវអម្រែកសេដ្ឋកិច្ច ដោយសារតែវិវាទ ពាណិជ្ជកម្មអាមេរិក នឹងចិន ។ ការដំឡើងពន្ធ គឺមិនខុសអ្វីពីការដំឡើងពន្ធលើពលរដ្ឋអាមេរិកនោះឡើយ ។ ពលរដ្ឋអាមេរិក ត្រូវចំណាយខ្ពស់ជាងពេលមុន ។

លោក Larry Kudlow បានបន្តទៀតថា «ការពិត មិនមែនប្រទេសចិន ជាអ្នករងគ្រោះនោះឡើយ គឺអ្នកដែលទិញទំនិញពីចិន និងបណ្តាក្រុមហ៊ុនអាមេរិក ពលរដ្ឋអាមេរិក ត្រូវរងការខាតបង់ ដោយសារតែការដំឡើងពន្ធ» ។

កាលពីថ្ងៃទី១០ ខែឧសភា អាមេរិក បានសម្រេចដំឡើងពន្ធ លើទំនិញនាំចូលពីចិន មានតម្លៃជាង២០០ពាន់លានដុល្លារ ទន្ទឹមនឹងនោះ អាមេរិក ក៏បាន ព្រមានដំឡើងពន្ធបន្តលើទំនិញនាំចូលទាំងអស់ ដែលមានទឹកប្រាក់សរុប ៥០០ពាន់លានដុល្លារ ។

ពាក់ព័ន្ធនឹងកិច្ចពិភាក្សា នាពេលកន្លងមកនៅអាមេរិក បានបញ្ចប់ទៅ មិនមានលទ្ធផល ឬកិច្ចព្រមព្រៀងណាមួយនោះឡើយ ។ ក្នុងរយៈពេល ៥ខែចុងក្រោយនេះ ក្រុមអ្នកចរចាចិន និងអាមេរិកបានធ្វើដំណើរទៅមករវាងក្រុងវ៉ាស៊ីតោន និងក្រុងប៉េកាំងដើម្បីជួបចរចាគ្នា ហើយការចរចារយៈពេល ២ថ្ងៃចុងក្រោយជាការចរចាលើកទី១១ ។ ទោះជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានសម្រេចដំឡើងពន្ធពី ១០ ទៅ ២៥% លើទឹកប្រាក់ ២០០ពាន់លានដុល្លារនៃការនាំទំនិញចិននាំចូលអាមេរិកចាប់ពីថ្ងៃសុក្រ ទី១០ ឧសភាក៏ដោយ ក៏ចិននៅតែបន្តប្រកាន់ជំហររបស់ខ្លួនដដែល ។

ឧបនាយករដ្ឋមន្រ្តីចិន លោកលីវ ហឺ( Liu He ) និងជាអ្នកដឹកនាំក្រុមអ្នកចរចាចិនបានដឹកនាំគណៈប្រតិភូត្រឡប់ទៅប្រទេសចិនវិញ ។ តែមុននឹងឡើងយន្តហោះចេញពីក្រុងវ៉ាស៊ីតោនទៅក្រុងប៉េកាំង លោកលីវ ហឺ បានជួបក្រុមអ្នកកាសែតចិន រួចបានថ្លែងជាមួយនឹងសំឡេងធ្ងន់ថា ភាគីទាំងពីរ ចិន និងអាមេរិក បានព្រមព្រៀងជួបគ្នានាពេលខាងមុខ ក្នុងទីក្រុងប៉េកាំង ។ តែលោកលីវ ហឺ មិនភ្លេចបញ្ជាក់ទេ ថា ចិននឹងបន្តប្រកាន់លើគោលការណ៍របស់ខ្លួន ដោយគ្មានផ្លាស់ប្តូរ និងថា ចិនមិនភ័យខ្លាចទេ ។

ឧបនាយករដ្ឋមន្ត្រីលោក លីវ ហឺ បានបញ្ជាក់ទៀតថា «ការចរចាមិនត្រូវបានបញ្ឈប់ត្រឹមនេះទេ ។ ភាគីទាំងពីរបានបញ្ជាក់ពីជំហររៀងៗខ្លួន លើប្រធានរឿងទាំងអស់ ។ យើងបានជជែកគ្នាពីខ្លឹមសារ ដែលនឹងត្រូវលើកយកទៅពិភាក្សាគ្នានាពេលខាងមុខ ហើយយើងនៅតែមានសុទិដ្ឋិនិយម ។ ប្រទេសនីមួយៗ មានគោលការណ៍របស់ខ្លួន ហើយចិនក៏មានគោលការណ៍ដាច់ដោយឡែក និងមិនបោះបង់ចោលគោលការណ៍របស់ខ្លួនទេ ។

ប្រសិនបើអាមេរិកប្រើគំនាបរបាំងគយដាក់លើយើង ក្នុងនាមជាប្រទេសយើងពិតជាមិនអាចឈរឱបដៃនៅស្ងៀមបានឡើយ ។ យើងប្រឆាំងដាច់ខាត នឹងការប្រើនយោបាយដំឡើងពន្ធ ។ វាមិនល្អសម្រាប់ចិន វាមិនល្អសម្រាប់អាមេរិក វាមិនល្អសម្រាប់ពិភពលោក ហើយវានឹងមិនធ្វើឲ្យចម្រើននៅក្នុងការដោះស្រាយលើភាពខ្វែងគំនិតគ្នារវាងចិន នឹងអាមេរិកបានទេ ។

អ្វីដែលយើងចង់បាន គឺចង់ឲ្យភាគីអាមេរិក មានភាពអត់ធ្មត់ឲ្យបានច្រើនជាងនេះ ដើម្បីចៀសវាងកុំឲ្យមានការប្រឈមមុខដាក់គ្នា ។ យើងចង់ឲ្យមានកិច្ចព្រមព្រៀងមួយស្មើភាព ដែលអាចទទួលយកបានទាំងអស់គ្នា ។ គឺជាកិច្ចព្រៀងមួយដ៏ថ្លៃថ្នូររវាងរដ្ឋទាំងពីរ ដែលគិតពីកិច្ចសហប្រតិបត្តិការរវាងគ្នា ទៅថ្ងៃអនាគត ។ ដើម្បីអាចឈានដល់ចំណុចនេះបាន យើងត្រូវបោះមួយជំហានម្តងៗ និងត្រូវដោះស្រាយបញ្ហាដោយផ្អែកលើហេតុផលត្រឹមត្រូវ ។ តែប្រទេសចិនមិនភ័យខ្លាច រដ្ឋចិនមិនភ័យខ្លាចទេ » ។

នៅពេលនេះដែរ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន អាចនឹងជួបពិភាក្សាគ្នា ពាក់ព័ន្ធនឹងភាពជាប់គាំង នៃការចរចាបញ្ហាពាណិជ្ជកម្ម នៅខែក្រោយនេះ នៅប្រទេសជប៉ុន ។

ប្រធានាធិបតីនៃប្រទេស ដែលមានសេដ្ឋកិច្ចកំពូលលើលោកទាំងពីរ និងមេដឹកនាំប្រទេសដទៃមួយចំនួនទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំ G20 ដែលរៀបចំធ្វើនៅក្នុងទីក្រុង Osaka ប្រទេសជប៉ុនរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់២៩ ខែមិថុនា ឆ្នាំ២០១៩ ។ លោកស៊ី និងលោក ត្រាំ អាចនឹងឆ្លៀតយកឱកាសនេះ ជួបនិយាយពីភាពមិនទាន់ត្រូវរ៉ូវគ្នា លើបញ្ហាពាណិជ្ជកម្ម ។

ការបង្ហើបពីគម្រោងជួបគ្នា រវាងលោកត្រាំ នឹងលោក ស៊ី ធ្វើឡើងក្រោយពីតំណាងចរចាភាគីទាំងពីរ បានបើកការចរចាអស់ជាច្រើនខែមកហើយ អំពី បញ្ហាពាណិជ្ជកម្ម តែនៅមិនទាន់អាចរកឃើញកិច្ចព្រមព្រៀងរួមមួយនៅឡើយ ។ ការចរចាចុងក្រោយរយៈពេលពីរថ្ងៃ ទើបបានបិទបញ្ចប់កាលពីថ្ងៃសុក្រ(១០ ឧសភា ២០១៩) នៅអាមេរិក ហើយភាគីទាំងពីរគ្រោងជួបចរចាគ្នាជាថ្មីនៅក្នុងប្រទេសចិនវិញម្តង តែមិនទាន់កំណត់ពេលវេលាដើម្បីពិភាក្សានៅឡើយទេ ៕


ចែករំលែក៖