ខេត្តកណ្ដាល៖ បុរសម្នាក់ចូលមករកចៅស្រីគេអាយុ១៤ឆ្នាំ ដល់ផ្ទះទាំងយប់ ឃើញចៅស្រីគេចូលក្នុងបន្ទប់ទឹក ក៏លបលួចចូលតាមរួចធ្វើសកម្មភាពឱប ថើប ចៃដន្យជីដូនក្មេងស្រីរងគ្រោះមកទាន់ឃើញ ក៏ផ្អើលឆោឡោហៅបងប្អូនឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។ ករណីខាងលើនេះ បានកើតឡើង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ ស្ថិតក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យឈ្មោះមួង ម៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។ ចំណែកឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ ជនសង្ស័យឈ្មោះមួង ម៉ន បានមករកក្មេងស្រីរងគ្រោះដល់ខាងមុខផ្ទះ ខណៈនោះក្មេងស្រីរងគ្រោះបានចុះពីលើផ្ទះរួចចូលទៅក្នុងបន្ទប់ទឹក ដោយឃើញក្មេងស្រីរងគ្រោះចូលបន្ទប់ទឹក ភ្លាមនោះ ជនសង្ស័យ បានចូលទៅក្នុងបន្ទប់ទឹកជាមួយដែរ រួចធ្វើសកម្មភាពចាប់ឱប ថើប ។ លុះបានបន្តិចក្រោយមក ក្មេងស្រីរងគ្រោះក៏ចេញពីបន្ទប់ទឹកមុន ខណៈនោះ ស្រ្តីឈ្មោះ យ៉ុន ស្រី ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ ឃើញក្មេងស្រីរងគ្រោះចេញពីបន្ទប់ទឹក ហើយឃើញមានមនុស្សម្នាក់ទៀតនៅក្នុងបន្ទប់ទឹក ស្រ្តីឈ្មោះយ៉ុន ស្រី ក៏បានស្រែកឆោឡោឡើង ធ្វើឲ្យជនសង្ស័យភ័យរត់គេចខ្លួនសំដៅទៅផ្ទះ ។
ក្រោយពីមានហេតុការណ៍កើតឡើង ក្រុមគ្រួសារសាច់ញាតិក្មេងស្រីរងគ្រោះ បានទៅឃាត់ខ្លួនជនសង្ស័យរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕ ស្អាងជ័យ