ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាកើតឡើង ចំពេលបោះឆ្នោត ពាក់កណ្តាលអាណត្តិ នៅហ្វីលីពីន

ចែករំលែក៖

ការបោះឆ្នោតពាក់កណ្តាលអាណត្តិគឺជារឿងសំខាន់ ជាការស្ទង់មតិ ពីការគាំទ្រទៅលើគណបក្សកាន់អំណាច ដឹកនាំដោយប្រធានាធិបតី ឌូទើទេ ។ នៅថ្ងៃទី១៣ ខែឧសភា ពលរដ្ឋហ្វីលីពីន៦១លាននាក់ ទៅបោះបឆ្នោត ពាក់កណ្តាលអាណត្តិបំពេញបន្ថែមនៅក្នុងរដ្ឋសភា ។

ពលរដ្ឋ នឹងត្រូវបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រចំនួន១២រូប ក្នុងចំណោម២៤ អាសនៈ ក្នុងព្រឹកសភា និង អាសនៈ ២២៩ នៅក្នុងរដ្ឋសភា ក៏ដូចជា តំណែង មេឃុំ សង្កាត់ ផងដែរ ។ នៅពេលនេះ គណបក្សកាន់អំណាចរបស់ប្រធានាធិបតី ឌូទើទេ មានសង្ឃឹមបន្ត នាំមុខ មានសំឡែងភាគច្រើននៅក្នុងសភាដដែល ។

នៅក្នុងការបោះឆ្នោតនេះ កម្លាំងសន្តិសុខ ប៉ូលិស ទាហានដល់ទៅ២សែននាក់ ការពារសន្តិសុខ ។ ប៉ុន្តែនៅមានការផ្ទុះអាវុធ និងគ្រាប់បែកយ៉ាងកក្រើកនៅភាគខាងត្បូងហ្វីលីពីន ចំពេលកំពុងបោះឆ្នោតពាក់កណ្តាលអាណត្តិ ។

ប៉ូលិសហ្វីលីពីនបានបញ្ជាក់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ថា យ៉ាងតិច មានករណីផ្ទុះអាវុធ និងគ្រាប់បែក៣លើក បានកើតឡើង ធ្វើឲ្យកក្រើកតំបន់ទីប្រជុំជន Cotabato និងនៅខេត្ត Maguindanao ភាគខាងត្បូងហ្វីលីពីនតែម្តង នៅមុនពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ការបោះឆ្នោតពាក់កណ្តាលអាណត្តិចាប់ផ្តើម ។

ស្នងការប៉ូលិសក្រុង Catabato លោក Teofisto Ferrer បានថ្លែងថា គ្រាប់បែកទី១ ផ្ទុះនៅវេលាម៉ោង១០ និង១៥នាទីយប់ ម៉ោងនៅក្នុងស្រុក ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រៅបរិវេណសាលាក្រុង Catabato តែម្តង ។ ការផ្ទុះនេះបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណនោះទេ ។

ហេតុការណ៍ផ្ទុះលើកទី២ នៅវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា គឺការផ្ទុះគ្រាប់បែកនៅសាលាក្រុង Datu Odin Sinsuat ខេត្ត Maguindanao ហើយបន្ទាប់ពីនោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ មានករណីផ្ទុះគ្រាប់មួយផេ្សងទៀតកើតឡើង ស្ថិតនៅទីក្រុង Datu Odin Sinsuat ខេត្ត Maguindanaoផងដែរ អំឡុងម៉ោង៧ និង២០នាទីព្រឹក ម៉ោងនៅក្នុងស្រុកថ្ងៃទី១៣ ខែឧសភា ដែលជាថ្ងៃរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់ហ្វីលីពីន ។

ក្នុងហេតុការណ៍ទាំងនេះ មិនបណ្តាលឲ្យពលរដ្ឋណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ ។

ការបំផ្ទុះនេះ បានកើតឡើងចំពេលដែលកម្លាំងយោធាហ្វីលីពីន និងប៉ូលិសបានប្រុងប្រយ័ត្នខ្ពស់ការពារសន្តិសុខ និងធានាថា ការបោះឆ្នោតក្នុងប្រទេសនេះប្រព្រឹត្តិទៅដោយសន្តិវិធី និងរបៀបរៀបរយ ។

ពលរដ្ឋហ្វីលីពីនជាង៦០លាននាក់ ទូទាំងប្រទេស បានចេញទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា, ជ្រើសរើសតំណាងរាស្ត្រ ដែលអាជ្ញាធរថ្លែងថា គឺជាការបោះឆ្នោតពាក់កណ្តាលអាណត្តិ ។

ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនេះ មានមុខតំណែងចំនួន ១៨,០០០កន្លែងនៅក្នុងស្ថាប័នជាតិ ត្រូវដាក់ឱ្យបណ្ដាបេក្ខជនប្រកួតប្រជែង ហើយក្នុងនោះ មានពាក់កណ្ដាល គឺជាអសនៈនៅក្នុងព្រឹទ្ធសភាជាន់ខ្ពស់ ជាទីដែលសមាជិកសភា ភាគច្រើន នាំគ្នាប្រឆាំងនឹងគោលនយោបាយមួយចំនួនរបស់លោក ឌូតឺតេ ។

ប្រជាជនបានប្រមូលផ្ដុំគ្នានៅតាមមណ្ឌល បោះឆ្នោតក្នុងប្រទេសហ្វីលីពីន ដើម្បីបោះឆ្នោត ខណៈការិយាល័យបោះឆ្នោត បានបើកទ្វារតាំងពីវេលាម៉ោង ៦៖០០ព្រឹកនោះ ៕


ចែករំលែក៖