ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ មិនមានវិធានការរៀបចំសណ្ដាប់ធ្នាប់ ចំពោះអាជីវកលក់ដូរ បិទផ្លូវនៅផ្សារកណ្ដាល

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាព និងជាអភិបាលខណ្ឌដូនពេញ មិនយកចិត្តទុកដាក់ហើយថែមទាំងមិនមានវិធានការដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនក្នុងមូលដ្ឋាន ផ្ទុយពីសេចក្ដីណែនាំស្តីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឡើយ ។

ជាក់ស្ដែង នៅតាមបណ្ដោយផ្លូវលេខ១៤៨ មួយកំណត់ចាប់ពីផ្លូវលេខ១៥ ដល់ផ្លូវលេខ១៣ (ផ្សារលើផ្លូវ ជាប់ជាមួយផ្សារកណ្ដាល) នៅមូលដ្ឋានសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រុមអាជីវក បានដាក់តាំងលក់ម្ហូបត្រីសាច់ ផ្លែឈើ ស្បែកជើង សំលៀកបំពាក់ មួកសុវត្ថិភាព -ល- ។ លើផ្លូវបិទការធ្វើចរាចរណ៍ដោយរថយន្តតែម្ដងមិនមែន ១ភាគ៣នៃចិញ្ជើមផ្លូវដូចសេចក្ដីណែនាំរបស់សាលារាជធានី អនុញ្ញាតនោះឡើយ ។

ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ ផ្សារកណ្ដាលតែតែងរអ៊ូថា ផ្លូវសាធារណៈសោះ បែរជាអាជ្ញាធ បណ្ដោយឲ្យក្រុមអាជីវក លក់ដូរ ដាក់តាំងលក់បិទផ្លូវបែបនេះ បង្កឲ្យមានកាកក់ស្ទះចរាចរណ៍ជារៀលរាល់ថ្ងៃតែម្ដង ។ តែបើក្រលេកទៅមើលនៅផ្សារដើមគ វិញ ក្រុមអាជីវក ដាក់តាំងលក់ដូរ បិទផ្លូវដូចគ្នាតែអាជ្ញាធរ ខណ្ឌទួលគោកបានចាត់វិធានការក្ដៅដោះស្រាយ ជូនប្រជាពលរដ្ឋដើម្បីសម្រួលផ្លូវសម្រាប់ឲ្យធ្វើចរាចរណ៍បានទូលាយជាងមុនផងដែរ នៅឡើយតែអាជ្ញាធ ខណ្ឌដូនពេញមិនទាន់មានវិធានការដោះស្រាយ ។

សូមបញ្ជាក់ផងដែរ ពាក់ព័ន្ធបញ្ហានេះ ស្ថិតនៅចំណុច ទី៣ វិធានការនៃការអនុវត្តន៍ កថាខណ្ឌ(ឃ) ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១២ ត្រូវអនុវត្តន៍ ក្នុងឃ្លាទី៧ នៃសេចក្ដីណែនាំស្តីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ លេខ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ។

គួររំលឹកផងដែរ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឲ្យមានប្រសិទ្ធភាព ។ ក្នុងកិច្ចប្រជុំ លោកឃួង ស្រេង បានមានប្រសាសន៍ថា ក្រោយពីដាក់ចេញនូវសេចក្តីណែនាំលេខ 007/17 សណនចុះថ្ងៃទី៨ ខែសីហាឆ្នាំ២០១៧ ស្ដីពី ការដោះស្រាយចរាចរ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញក្នុងនោះផ្លូវ សំខាន់ចំនួន ១១ខ្សែ ដើម្បីធ្វើជាគំរូសម្រាប់អនុវត្តវិធានការរួម ។

រដ្ឋបាលរាជធានីភ្នំពេញកត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ និងភាគីពាក់ព័ន្ធទាំងអស់បានយល់ដឹងអំពីព្រំដែននៃកម្មសិទ្ធិ និងជាប្រយោជន៍សាធារណៈ ដោយបានកែប្រែទម្លាប់ និងឥរិយាបទនៃការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈហើយបានចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ គឺបានទទួលការគាំទ្រពីមហាជនដ៏ច្រើនលើសលប់ ៕ ជ្រោយពេជ្រ


ចែករំលែក៖