ព័ត៌មានទាន់ហេតុការណ៍៖

ដាក់ខ្សែលួសឆក់សត្វកណ្តុរ ឆក់មនុស្សស្លាប់ ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតគ្រោះថ្នាក់ដល់អ្នកដទៃ​ បុរសម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីរាយខ្សែលួសឆក់យកកណ្តុរ បែរជាឆក់បុរសម្នាក់ស្លាប់ ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង៣០នាទី នៅចំណុចដីស្រែក្រោយភូមិខ្នោការ ភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះប្រឹម ម៉េងស្រៀង អាយុ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ ជុំ ម៉ារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតខ្មែរទីលំនៅភូមិខ្នោការ ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ជុំ ម៉ារ៉ា បានរាយខ្សែលួសជុំវិញស្រែ ដើម្បីឆក់កណ្ដុរជារៀងរាល់ថ្ងៃ ។ លុះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង៣០នាទី ជនរងគ្រោះឈ្មោះប្រឹម ម៉េងស្រៀង និងមិត្តភក្កិពីរនាក់ទៀតឈរលេងនៅខាងក្រោយភូមិ ពេលនោះជនរងគ្រោះបាននិយាយទូរស័ព្ទហើយក៏ដើរទៅខាងវាលស្រែ ពេលដែលដើរឆ្ងាយចេញពីភូមិ ដល់វាលស្រែ ក៏ត្រូវឆក់ខ្សែភ្លើងឆក់កណ្ដុរ ហើយដួល ឃើញដូច្នោះមិត្តភក្កិ ដែលឈរជាមួយបានស្ទុះទៅជួយទាញជនរងគ្រោះ លើកឈរបន្តិចក្រោយមកជនរងគ្រោះក៏ដួលទៅវិញស្លាប់តែម្ដង ៕ ឆ ដា


ចែករំលែក៖